ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា នេះ បានបន្តផ្តាំផ្ញើឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដើម្បីកុំឱ្យប្រទេសកម្ពុជា ដើរថយក្រោយ វិញឱ្យសោះ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែន ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យ ទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២- ២០២៣) សម្ដេចតេជោ បានបញ្ជាក់ទៅជនរួមជាតិថា មកដល់ពេលនេះ ប្រទេស ត្រូវបានឡើងវិញជាប្រក្រតីតាមបែបគន្លងថ្មី ដោយសារតែការចាក់ វ៉ាក់សាំងបានចំនួនច្រើនលាននាក់ បង្កើតភាពស៊ាំសហគមន៍បានល្អ ប៉ុន្តែទោះជាយ៉ាងណា មិនត្រូវមើលស្រាល និងភ្លេចខ្លួនអំពីការឆ្លងកូវីដ-១៩ឡើយ។
ទាក់ទិនករណីឆ្លងកូវីដ-១៩នេះ បើតាមសេចក្តីជូនព័ត៌មាន ស្តីពីការសរុប ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា គិតដល់ថ្ងៃទី១៣ ខែកក្កដា នេះ មានករណីឆ្លងសរុបចំនួនជាង ១៣ម៉ឺននាក់ ករណីឆ្លងថ្មី១៦នាក់ ករណីជាសះស្បើយ ១៣៣.២៥៨នាក់, ស្លាប់៣.០៥៦នាក់។ ក្នុងចំណោមករណី ឆ្លងសរុបចំនួនជាង១៣ម៉ឺននាក់នេះ ករណីនាំចូលពីក្រៅប្រទេសមានចំនួន២១.២២៤នាក់៕អត្ថបទ៖ មុត សុទ្ធ
