ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពន្លឿនការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដែលផែនការណេះ នឹងប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក ដើម្បីពង្រីកទីផ្សារនាំចេញទៅក្នុងតំបន់ និងសកលលោក។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១២ខែកក្កដា ឆ្នាំ ២០២២ នេះ បានដឹកនាំប្រជុំពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួងស្ថាប័នពាក់ព័ន្ធ លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ។
ចំពោះការចូលរួមផ្តល់ធាតុចូល ក្នុងការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ គឺមានសារៈសំខាន់ណាស់ ព្រោះរាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យអាទិភាព ដែលមានសក្តានុពលសម្រាប់ការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមាគ៌ាដែលបានដាក់ចេញនៅក្នុង ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ថ្លែងនូវការគាំទ្រពេញទំហឹង ចំពោះផែនការរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរគ្រប់ជ្រោយ និងច្បាស់លាស់ ហើយតាមរយៈផែនការនេះ ឯកឧត្តម រំពឹងថា នៅពេលខាងមុខ កម្ពុជានឹងក្លាយជាទីផ្សារផ្គត់ផ្គង់ នឹងនាំចេញយានយន្ត និងអេឡិចត្រូនិចដ៏សំខាន់មួយ នឹងជាប្រភពបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិកាន់តែខ្លាំងក្លាបន្ថែមទៀត។
សូមរំលឹកថា នៅក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញនៃលេខាធិការដ្ឋាន IDP នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើបទបង្ហាញលម្អិត ស្តីពីទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដែលបានរៀបរាប់ពីសាវតារនៃការរៀបចំសេចក្តីព្រាង, សក្តានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិកក្នុងបរិបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមក្នុងការអភិឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា និងវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ, យន្តការស្ថាប័នដឹកនាំអនុវត្តផែនទីបង្ហាញផ្លូវ ដើម្បីធានាប្រសិទ្ធភាពការងារ និងការកំណត់ពីក្រសួង ស្ថាប័នទទួលបន្ទុកការងារតាមដាននិងវាយតម្លៃផែនទីបង្ហាញផ្លូវជាដើម៕អត្ថបទ៖ សុន រ៉ាឌី