ភ្នំពេញ៖ ជនសង្ស័យ ចំនួន៧នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើសន្និសីទបង្ហាញមុខ ពាក់ព័ន្ធករណីលួចបើកទ្វាររថយន្តរបស់អ្នកដំណើរនៅពេលយប់ ដើម្បីលួចយកទ្រព្យសម្បត្តិ។
នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខក្រុមជនសង្ស័យចំនួន ០៧នាក់ ដែលពាក់ព័ន្ធករណីលួចបើកទ្វាររថយន្តរបស់អ្នកដំណើរនៅពេលយប់ ដើម្បីលួចយកទ្រព្យសម្បត្តិ។
នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថា ក្រុមជនសង្ស័យទាំង ០៧នាក់នេះ គឺបានប្រព្រឹត្តិបទល្មើស ដោយបើកទ្វាររថយន្តរបស់អ្នកដំណើរនៅពេលយប់ព្រលប់ ហើយលួចយកទ្រព្យសម្បត្តិក្នុងរថយន្ត ដែលមកដល់ពេលនេះ ក្រុមជនសង្ស័យ បានធ្វើសកម្មភាពលួចចំនួន៥ករណីជាបន្តបន្ទាប់ ដោយមានជនរងគ្រោះបានដាក់ពាក្យបណ្ដឹងជាហូរហែ ទើបកម្លាំងនគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៧នាក់នេះយកមកសួរនាំ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ និងវត្ថុតាងម៉ូតូចំនួន៧គ្រឿងផងដែរ បន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវកាលពីយប់ថ្ងៃទី៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
នគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ មានឈ្មោះ ងី កប ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបើករថយន្ត។ ឈ្មោះ ហ៊ុនណាត ប្រុសអាយុ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន VBN។ ឈ្មោះ យិន ធី ហៅតឿ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ទិញទូរស័ព្ទ។ ឈ្មោះឆាយ សុផល ហៅយ៉ាម៉ា អាយុ៣៣ ឆ្នាំ មុខរបររត់ម៉ូតូឌុប។ ឈ្មោះ សំ សិលាចិត្រា អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប។ ឈ្មោះ សួង ដែនខេត្ត អាយុ៣៦ឆ្នាំ មុខរបរអ្នកយកព័ត៌មានk01 និងឈ្មោះ ចែម សំណាង អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
នគរបាលបានបន្ថែមថា ចំពោះជនសង្ស័យទាំង៧នាក់នេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ អត្ថបទ៖ ម៉ឺន កុម្ភៈ
