កំពង់ចាម៖ ស្ថានភាពអាកាសធាតុក្នុងខេត្តកំពង់ចាម-ត្បូងឃ្មុំ មួយរយៈចុងក្រោយនេះ មានធ្លាក់ភ្លៀងតាមតំបន់ បណ្ដាលឱ្យទឹកទន្លេមេគង្គ បានហក់ឡើងជាបន្ទបន្ទាប់ ប៉ុន្តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។
យោងតាមរបាយការណ៍កម្ពស់ទឹក របស់មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដានេះ ទឹកទន្លេមេគង្គ បានឡើងសន្សឹមៗដល់កម្ពស់៨.៥៦ម៉ែត្រ បើធៀប ឆ្នាំមុន កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម ៥.០៧ម៉ែត្រកម្រិត ដែលត្រូវប្រកាសអាសន្នសម្រាប់ខេត្តកំពង់ចាម គឺកម្ពស់១៥ម៉ែត្រ២០សង់ទីម៉ែត្រ។ ហើយកម្ពស់ទឹកទន្លេឡើងនៅពេលនេះ មិនទាន់បានហូរចូល ទៅតំបន់វាលទំនាបទេ ពោលគឺបច្ចុប្បន្ន តាមដងទន្លេតូច ក្នុងស្រុកកោះសូទិន ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅរដូវនេះ គឺប្រើប្រាស់ទូកចម្លងឬកាណូត ឆ្លងពីត្រើយម្ខាងទៅម្ខាង។
តែសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម-ត្បូងឃ្មុំ បានសម្ដែង ការព្រួយបារម្ភថា បើទឹកទន្លេតូចដូចឆ្នាំទៅ គឺពួកគេនឹងជួបការលំបាកក្នុងការងារបង្កបង្កើនផលហើយជាពិសេសធ្វើឲ្យដីរឹង ពិបាកភ្ជួររាស់ សម្បូរសត្វកណ្តុរ និងស្រមោច។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្រៅពីនោះ ទឹកតូចពេក ក៏នឹងមិនបាននាំមកនូវដីល្បាប់ សម្រាប់ការ ងារដាំដុះដំណាំផ្សេងៗ ប៉ុន្តែបើទឹកជំនន់ធំ និងអូសបន្លាយយូរពេក ក៏មិនល្អដែរ៕ អត្ថបទ៖ ថុង សីហា