កំពត-កែប៖ បន្ទាប់ពីទទួលរងឥទ្ធិពលគន្លងសម្ភាធទាប ធ្វើឲ្យផ្ទៃមេឃអាប់អួរ និងមានភ្លៀងធ្លាក់រាយប៉ាយប៉ុន្មាន ថ្ងៃកន្លងមនេះ ស្ថានភាពអាកាសធាតុ នៅខេត្តកំពត-កែប បានប្រសើរឡើងវិញហើយ ផ្ទៃមេឃស្រឡះ ថ្ងៃរះជាប្រក្រតី ផ្ទៃសមុទ្រស្ងប់ខ្យល់ និងរលក ចំណែកវារីអគ្គិសនីកំចាយ បានបិទទ្វាររំដោះទឹកចំនួនបីវិញ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពត-កែប បានឲ្យដឹងថា រយៈពេលជិតមួយសប្តាហ៍ ហើយ ដែលអាកាសធាតុនៅក្នុងខេត្តកំពត-កែប មានភាពអាប់អួរ មិនមានពន្លឺថ្ងៃ មានភ្លៀងធ្លាក់រាយប៉ាយ ទូទាំងខេត្ត ប៉ុន្តែមិនបង្កឲ្យមានជំនន់ទឹកភ្លៀងនោះទេ។ ហើយនៅព្រឹកថ្ងៃទី ១៤ ខែកក្កដា នេះ អាកាស ធាតុក្នុងខេត្តទាំងពីរ បានវិលត្រឡប់មករកប្រក្រតីភាពឡើងវិញហើយ ដោយផ្ទៃមេឃស្រលះ មានថ្ងៃរះ ផ្ទៃសមុទ្រស្ងប់ខ្យល់ គ្មានរលកបោកបក់នោះទេ។
ដោយឡែក ចំពោះស្ថានភាពកម្ពស់ទឹកទំនប់វារីអគ្គិនីកំចាយវិញ ក៏មិនមានអ្វីគួរឲ្យព្រួយបារម្ភ ទៀតដែរ ដែលបើតាមការឲ្យដឹងពីលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត គឺស្ថានភាព កម្ពស់ទឹកមានភាពល្អប្រសើរឡើងវិញ ចាប់តាំងពីយប់មិញម្ល៉េះ ពោលគឺកម្ពស់ទឹកទំនប់វារីអគ្គិសនីកំចាយ ១៦៨ម៉ែត្រ ប៉ុន្តែរំហូរចូលអាងស្តុកថយចុះនៅសល់ត្រឹម៦១៣ម៉ែត្រគូប ក្នុងមួយវិនាទី ខណៈម្សិលមិញ រំហូរចូលអាង ១៦២០ម៉ែត្រគូប ក្នុងមួយវិនាទី។
ក្រុមហ៊ុន បានបិទទ្វារទឹកចំនួនបី គឺបើកតែទ្វារទឹកចំនួន ១ មានកម្ពស់២ម៉ែត្រ ដែលមានរំហូចេញត្រឹម ២៦១ម៉ែត្រគូប ក្នុងមួយនាទី។
តែទោះជាយ៉ាងណា អាជ្ញាធរ មន្ត្រីជំនាញ ពាក់ពាក់ព័ន្ធ នៅតែបន្តក្រើនរំលឹកដល់ប្រជានេសាទ នៃ ខេត្តទាំងពីរ ពលរដ្ឋរស់នៅតាមតំបន់មាត់ព្រែកកំពត អាជីវករនៅតាមដងព្រែក បន្តការប្រុងប្រយ័ត្ន ព្រោះ បើតាមការព្យាករណ៍របស់ក្រសួង អាកាសធាតុអាចនឹងមានការប្រែប្រួល ឬអាចមានភ្លៀងធ្លាក់មកវិញ៕អត្ថបទ៖ អន សារឹម