ប្រណាំងកង់៖ កីឡាករប្រណាំងកង់ដាណឺម៉ាក Jonas Vingegaard បានប្រជែងឈ្នះដំណាក់កាលទី ១១ និងឡើងមកនាំមុខគេរួមផងដែរនៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France។

ដំណាក់កាលទី១១ ដែលមានចំងាយផ្លូវ ១៥១.៧គីឡូម៉ែត្រកីឡាកររបស់ក្រុមប្រណាំង Jumbo-Visma រូបនេះមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៤ម៉ោង ១៨នាទី ២វិនាទី តាមពីក្រោយដោយ Nairo Quintana របស់ក្រុម Arkea Samsic យឺតជាង ៥៩វិនាទី និងលេខ៣ ម្ចាស់ផ្ទះបារាំង Romain Bardet យឺតជាង ១នាទី ១០វិនាទី។ ចំណែកឯអ្នកនាំមុខរួមដំបូង និងជាអ្នកការពារតំណែងជើងឯកកីឡាករស្លូវេនី Tadej Pogacar បានបញ្ចប់ដំណាក់កាលទី១១ នៅចំណាតថ្នាក់លេខ៧ យឺតជាងអ្នកឈ្នះដល់ទៅ ២នាទី ៥១វិនាទី។
លទ្ធផលនេះធ្វើឱ្យកីឡាករដាណឺម៉ាក Jonas Vingegaard ឡើងមកនាំមុខគេរួមដោយមានវេលាចំណេញលើអ្នកលេខ២ Romain Bardet ២នាទី ១៦វិនាទី ខណៈ Tadej Pogacar ធ្លាក់ទៅលេខ៣ យឺតជាងអ្នកនាំមុខ ២នាទី ២២វិនាទី។ សំរាប់ដំណាក់កាលទី១២ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៦៥.៥គីឡូម៉ែត្រឆ្លងកាត់តំបន់ភ្នំ៕
អត្ថបទ៖នាង សុភាវុធ