ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈកំពុងគិតគូរ និងធ្វើការងារជាមួយដៃគូរពាក់ព័ន្ធ ដើម្បីបង្កើតកាតសម្គាល់របស់មន្ត្រីរាជការជំនាន់ថ្មី ដែលមានមុខងារជាកាតសម្គាល់អត្តសញ្ញាណរបស់មន្ត្រីរាជការផង និងអាចប្រើជាកាត ដែលអាចដកប្រាក់បៀវត្សរ៍ពីម៉ាស៊ីនATMបានផងដែរ។
ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក្នុងពេលអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្តីពី ”ការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារ របស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ” ដែលបានធ្វើនៅលាសាខេត្តពោធិ៍សាត់ កាលពីម្សិលមិញ បានបញ្ជាក់ថា កម្រិតជីវភាពរបស់មន្ត្រីរាជការ កំពុងត្រូវបានគិតគូរពីរាជរដ្ឋាភិបាល។
ឯកឧត្តម បានបន្តលើកឡើងថា ក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំធ្វើយ៉ាងណា ឲ្យដំណើរការនៃការដំឡើង និងបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការកាន់តែមានភាពល្អប្រសើរ ច្បាស់លាស់ត្រឹមត្រូវ និងមានភាពងាយស្រួលឆាប់រហ័ស ស្របតាមបច្ចេកវិទ្យាជឿនលឿន។
ក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញសំខាន់ៗ ពីមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈផងដែរ ជូនដល់ មន្ត្រីរាជការដែលបានចូលរួមប្រមាណ៦០នាក់ មកពីគ្រប់អង្គភាពមន្ទីរជុំវិញខេត្ត ដែលធ្វើឱ្យពួកគេទទួលបាននូវចំណេះដឹងថ្មីៗ លើការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ និងមានការយល់ដឹងបន្ថែម លើច្បាប់និងនីតីវិធីផ្សេងៗ៕អត្ថបទ៖ ភិរុណ ពៅ