កំពត៖ ក្រោយពេលបានដឹងថា មានបុរសផ្ទុកកូវីដ១៩មា្នក់ មកពីរាជធានីភ្នំ បានចូលរួមក្នុងពិធីមង្គលការមួយនៅស្រុកឈូក ខេត្តកំពត អាជ្ញាធរស្រុកបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ជាមួយបុរសនោះចំនួន ១០នាក់។ ហើយក្រោយពេលយកសំណាកទៅវិភាគលើកទី៣ ជាលទ្ធផលនៅតែអវិជ្ជមានទាំងអស់ គ្មានពលរដ្ឋណាម្នាក់បានឆ្លងកូវីដ១៩ក្នុងហេតុការនោះទេ។
ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តកំពត លោក ហេង ចាន់ថា បានប្រាប់នៅរសៀលថ្ងៃទី៣០ ខែមីនានេះថា ពលរដ្ឋ ០៦នាក់ពាក់ព័ន្ធនឹងហេតុការណ៍បុរសផ្ទុកកូវីដ១៩ បានចូលរួមពិធីមង្គលការនៅស្រុកឈូក ខេត្តកំពត ដែលបានបញ្ជូនមកធ្វើចត្តាឡីស័កនៅសហគមន៍អ្នកផលិតអំបិល កំពត-កែប កាលពីថ្ងៃទី១៥ ខែមីនាកន្លងមកនោះ ថ្ងៃទី៣០ ខែមីនានេះ ត្រូវបានរដ្ឋបាលស្រុកឈូកមកទទួលយកទៅគេហដ្ឋានវិញហើយ ក្រោយពេលលទ្ធផលតេស្តលើកទី៣ បញ្ជាក់ថាអវិជ្ជមាននោះ ។ ហើយសំណាកវិភាគរបស់ពលរដ្ឋ ០៤នាក់ផ្សេងទៀត ដែលបានកំពុងធ្វើចត្តាឡីស័កនៅផ្ទះកូនក្រមុំ ក៏ទទួលបានលទ្ធផលអវិជ្ជមានដូចគ្នា។
ប្រជាពលរដ្ឋក្រោយពេលបានដឹងលទ្ធផល ពួកគាត់មានសេចក្តីសប្បាយរីករាយណាស់ នឹងបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រូពេទ្យជំនាញដែលបានយកចិត្តទុកដាក់ មើលថែចំពោះពួកគាត់។
ពលរដ្ឋ១០នាក់ បានប៉ះពាល់ផ្ទាល់ជាមួយបុរសវិជ្ជមានកូវីដ១៩ នៅក្នុងពិធីមង្គលការមួយកាល ពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ហើយពលរដ្ឋ ០៦នាក់ ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅសហគមន៍អ្នកផលិតអំបិល ខេត្តកំពត-កែប កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ និងមនុស្ស ០៤នាក់ផ្សេងទៀត តម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះកូនក្រមុំ ចំណែកអ្នកប៉ះពាល់ដោយប្រយោលប្រមាណ ៣៨នាក់ ត្រូវបានអាជ្ញាធរស្រុកឈូក ប្រាប់ឲ្យចត្តាឡីស័កតាមផ្ទះរៀងៗខ្លួនផងដែរ៕ អត្ថបទ៖ អាន សារីម