ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤កក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ ដល់គេហដ្ឋានតម្កល់សព ស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអុជធៀបនៅពីមុខមជ្ឈូសតម្កល់សព និងបានលំឱនកាយវាចាចិត្តគោរពចំពោះវិញ្ញាណក្ខសព ឯកឧត្តម អ៊ឹង គៀត ដែលបានទទួលមរណភាពលាចាកលោកយើងនេះទៅកាន់លោកខាងមុខ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។
សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមក្រុមគ្រួសារ បានផ្ញើនូវសាររំលែកទុក្ខរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនក្រុមគ្រួសារនៃសពឯកឧត្តម អ៊ឹង គៀត៕






