ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ បានបង្ហាញជាទស្សនៈថា ប្រទេសអាស៊ាន គួរបន្តប្រកាន់ជំហរជាកណ្ដាល មិនត្រូវផ្អៀងទៅចាប់មហាអំណាចណាមួយផ្ដាច់មុខនោះទេ ខណៈចិន និងអាមេរិក កំពុងដណ្ដើមគ្នាជះឥទ្ធិពល និងអំណាចមកលើប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍យ៉ាងខ្លាំង នាប៉ុន្មានទស វត្សរ៍ចុងក្រោយមកនេះ។
ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីអាស៊ាននៅចន្លោះចិន និងសហរដ្ឋអាមេរិក ក្នុងបរិបទថ្មី នៅថ្ងៃទី១៤ ខែកក្កដា នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ពិភពលោក នឹងដូរបរិយាកាសយ៉ាងខ្លាំងបំផុតសម្រាប់ប្រទេសតូចតាច ហើយប្រទេសតូចតាច មិនអាចទៅខាងណាបាននោះទេ (ចាប់យកមហាអំណាចណាមួយ) ព្រោះមហាអំណាចដូរលឿនណាស់ ដូរតាមគេមិនទាន់ឡើយ ។
ឯកឧត្តមបានបន្តថា អាស៊ាន គឺជាភាពទន់ខ្សោយបំផុត នៅក្នុងបរិបទចន្លោះរវាងចិន និងអាមេរិក ប៉ុន្តែនៅពេលនេះ ដៃគូរបស់អាមេរិក កំពុងជាប់ដៃផ្ដល់ថវិកាទៅឲ្យប្រទេសអ៊ុយក្រែន ដូច្នេះវាជាឱកាសរបស់ចិន ក្នុងការពង្រីក ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក និងចិន បាននិយាយគ្នាហើយថា ប្រទេសទាំងពីរ នឹងរួមគ្នាធ្វើសេដ្ឋកិច្ចឲ្យរីកចម្រើន និងកាត់បន្ថយកម្ដៅពិភពលោក ខាងនយោយបាយ ។
លោក ពុយ គា អ្នកតាមដាននយោបាយ និងជាអ្នកកាសែតជើងចាស់ម្នាក់ បានលើកឡើងថា សម្រាប់តំបន់អាស៊ាន បើប្រៀបធៀបនឹងចិន ដូចជាម្ដាយកំពុងផ្ដល់នូវសេដ្ឋកិច្ច ហើយអាមេរិក ប្រៀបដូចជាឪពុក ដែលមានកម្លាំងសាច់ដុំ ធ្វើការងារផ្សេងៗ ។ ទោះបីស្រលាញ់អាមេរិក តែអាស៊ាន កំពុងថ្នាក់ថ្នមចិនខ្លាំង ព្រោះបញ្ហាសេដ្ឋកិច្ច គឺមិនអាចអត់មួយណាបានដូចគ្នា ខណៈអាមេរិក និងអាស៊ាន ក្លាយជាសមាជិកដៃគូតាំងពីឆ្នាំ១៩៧៧ ក្រោយការបង្កើតអាស៊ាន ១០ឆ្នាំ (១៩៦៧) ឯចិន នៅឆ្នាំ១៩៩៦។
រីឯបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា រឿងអាស៊ាន នៅចន្លោះចិន និងអាមេរិក មិនដែលត្រជាក់នោះទេ ដែលកម្ដៅកាន់តែខ្លាំងនោះ នៅដើមអាណត្តិរបស់លោកបារ៉ាក់ អូបាម៉ា ដែលបានដាក់ចេញនូវគោលនយោបាយ “ដំណើរឆ្ពោះមកកាន់អាស៊ី” របស់អាមេរិក គឺជាការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នាខ្លាំងនៅក្នុងតំបន់អាស៊ាន រវាងចិន និងអាមេរិក ។
ក្នុងកិច្ចពិភាក្សាតុមូលនេះ ក្រុមវាគ្មិន បានបញ្ជាក់ថា ការចាប់យកមហាអំណាចណាមួយផ្ដាច់មុខនោះ គឺអាស៊ាន ក៏ធ្លាប់ជួបនូវបញ្ហាជូរចត់ជាច្រើន ដូចជាប្រទេសកម្ពុជា ជាដើម៕ អត្ថបទ៖ សុខរិទ្ធិ