
ភ្នំពេញ, ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលទទួលមរណភាព កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម ហេង រតនា បានថ្លែងថា មរណៈភាពរបស់ឯកឧត្តម Shinzo Abe គឺជាការបាត់បង់វរជនដ៏ឆ្នើមមួយរូបរបស់ប្រទេស និងប្រជាជនជប៉ុន ក៏ដូចជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តម បានបន្តថា អាណត្តិដឹកនាំរបស់ឯកឧត្តម Shinzo Abe បានខិតខំជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ជប៉ុន ជាពិសេសបានគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោយ៉ាងខ្លាំងក្លា ទាំងវិស័យសេដ្ឋកិច្ចនិងនយោបាយ។
អគ្គនាយកស៊ីម៉ាក់ បានបន្ថែមថា ដោយឡែកក្នុងវិស័យសកម្មភាពកម្ចាត់មីន តាមរយៈការឧបត្ថម្ភគាំទ្រជាថវិកាជំនួយឥតសំណង សម្ភារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ដែលសម្តេតេជោបានស្នេីសុំ ក្នុងគោលបំណងរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់ ដែលរងគ្រោះដោយគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ព្រមទាំងការកសាងនូវហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តនៅតំបន់ដែលបានបោសសម្អាតមីនរួចផងដែរ។ ឯកឧត្តម បានឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម Shinzo Abe Abe សូមបានទៅកាន់ទីបរមសុខកុំបីឃ្លាងឃ្លៀតឡើង៕



