ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម នាវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនេះជាងមួយនឹងការជំរាបជូនសម្តេច អំពីស្ថានភាពនិងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដេសពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលរត់ភៀសខ្លួនតមកជ្រកកោននៅប្រទេសបង់ក្លាដេស ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោផងដែរ ពីស្ថានភាពសេដ្ឋកិច្ច ការរីករាលដាលជំងឺកូវីដ-១៩ ហើយក៏បានបង្ហាញពីគោលបំណងដែលបង់ក្លាដែសចង់ពង្រីកកិច្ចសហការលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស ចំពោះរបាយការណ៍អំពីស្ថានភាពជនភៀសខ្លួនរ៉ូហីនយ៉ា ដែលមកជ្រកកោននៅប្រទេសបង់ក្លាដេស អំពីបញ្ហាការឆ្លងរាលដាលកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់រដ្ឋាភិបាលបង់ក្លាដេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដែស មកវិនិយោគនៅកម្ពុជាលើឃ្លាំងម៉ាសុីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករសម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅកាន់ប្រទេសបង់ក្លាដែស ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ធ្វើកសិកម្មតាមបែបកិច្ចសន្យាបាន៕






