ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នៅព្រឹកទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានបន្តបើកកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ទៅដល់តំណាងភាគីនិយោជក និងក៏ជាកិច្ចប្រជុំលើកទី៤នៃយុទ្ធនាការ ៩០ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអត្ថប្រយោជន៍ និងកាតព្វកិច្ច ដែលបងប្អូនកម្មករនិយោជិត និងនិយោជក ត្រូវមានកាតព្វកិច្ច និងទទួលបានពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសណ្ឋាគាររាជធានីភ្នំពេញក្រោមអធិបតីភាពរបស់ឯឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម។
សូមបញ្ជាក់ថា ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះឡើង គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅលើជីវភាពរស់នៅ ក្នុងន័យកាត់បន្ថយភាពក្រីក្រ និងធានានូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។






