បាល់ទាត់៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានបញ្ចប់ចំណាប់អារម្មណ៍ក្នុងការចង់បានខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo ពី Manchester United ហើយក្រោយការមកដល់របស់ Raheem Sterling ពី Manchester City។
កីឡាករវ័យ ៣៧ឆ្នាំរូបនេះធ្លាប់បានបញ្ជាក់ហើយថា ចង់ចាកចេញពីក្លិបហើយចុងក្រោយនេះមានទំនាក់ទំនងផ្ទេរទៅកាន់ Stamford Bridge។ យ៉ាងណាក្តីក្រោយនាំយកខ្សែប្រយុទ្ធ Raheem Sterling ពី Manchester City កាលពីថ្ងៃពុធ អ្នកចាត់ការ Chelsea លោក Thomas Tuchel បាននិយាយថា អ្វីដែលផ្តោតសំខាន់នៅពេលនេះគឺតំបន់ការពារ។ អ្នកចាត់ការ Manchester United លោក Erik ten Hag ក៏បានបញ្ជាក់ដែរថា Ronaldo ស្ថិតក្នុងគំរោងរបស់ក្លិបសំរាប់រដូវកាលថ្មី ហើយក៏មិនមានគំរោងលក់ចេញដែរ។
តែអតីតខ្សែប្រយុទ្ធ Real Madrid មិនឃើញមានវត្តមានជាមួយ Manchester United ឡើយក្នុងដំណើរប្រកួតមិត្តភាព Pre-Season មកកាន់ទឹកដីថៃ និងអូស្ត្រាលីដែលលោក Ten Hag និយាយថា ដោយសារមូលហេតុផ្ទាល់ខ្លួន។ Chelsea នៅពេលនេះកំពុងស្វែងរកខ្សែការពារមកប៉ះប៉ូវការចាកចេញរបស់ Antonio Rudiger និង Andreas Christensen ដោយនៅពេលនេះកំពុងខិតជិតសំរេចក្នុងការនាំយកខ្សែការពារ Khalidou Koulibaly ពី Napoli និង Nathan Ake ពី Manchester City៕
អត្ថបទ៖នាង សុភាវុធ