បាល់ទាត់៖ ខ្សែបម្រើអាល្លឺម៉ង់ Mesut Ozil បានផ្លាស់ទៅកាន់ក្លិបទួកគី Istanbul Basaksehir ហើយក្រោយក្លិបក្បែររបង Fenerbahce រំលាយកិច្ចសន្យា។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ១ ឆ្នាំលេងឱ្យ Istanbul Basaksehir អមជាមួយនឹងលក្ខខណ្ឌបន្ដបន្ថែម ១២ ខែទៀត។

Mesut Ozil បានផ្លាស់ទៅកាន់ Fenerbahce កាលពីខែមករាឆ្នាំ ២០២១ ជាមួយនឹងកិច្ចសន្យាដល់ឆ្នាំ ២០២៤។ តែអតីតកីឡាករជំរើសជាតិអាល្លឺម៉ង់រូបនេះមិនមានសកម្មភាពបាល់ទាត់ឡើយ តាំងពីត្រូវកាត់ឈ្មោះចេញពីបញ្ជីក្រុមនៅខែមិនា។ Mesut Ozil បានចំណាយពេល ១ ឆ្នាំកន្លះនៅ Fenerbahce បង្ហាញខ្លួនបាន ៣៧ ប្រកួតរកបាន ៩ គ្រាប់ បន្ទាប់ពីចាកចេញពី Arsenal មុនកិច្ចសន្យាបញ្ចប់ ៦ ខែ។ សូមបញ្ជាក់ថា ការចាកចេញរបស់ Mesut Ozil ពី Fenerbahce ក៏ស្របពេលនៃការមកដល់របស់គ្រូបង្វឹកព័រទុយហ្កាល់លោក Jorge Jesus ដែលធ្លាប់និយាយក្នុងសន្និសីទសារព័ត៌មានដំបូងរបស់លោកនៅទួកគីថា នេះទីបញ្ចប់នៃរជ្ជកាលបាល់របស់ Ozil៕
អត្ថបទ៖នាង សុភាវុធ