រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ុនប៉ងដោយក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង៧ ឬ G7 ដើម្បីកាត់បន្ថយតម្លៃប្រេង ការពិតអាចរុញឲ្យតម្លៃប្រេងហក់ឡើងខ្ពស់។
លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ថា ផែនការទាំងនោះគឺប្រឆាំងនឹងទីផ្សារ និងប្រឈមហានិភ័យខ្លាំង។ ផែនការកាត់បន្ថយតម្លៃនេះត្រូវបានពិភាក្សាលើកដំបូងកាលពីខែមុន ដោយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen ជាផ្នែកមួយនៃយុទ្ធនាការបង្កើនសម្ពាធលើក្រុង Moscow ដើម្បីបញ្ចប់អ្វីដែលវិមានក្រឹមឡាំងបានហៅថា ជាប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន។ ទម្រង់នៃកិច្ចព្រមព្រៀងចុងក្រោយ និងកម្រិតតម្លៃនៅមិនទាន់បានប្រកាសនៅឡើយទេ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាសការរឹតត្បិតលើការទិញប្រេងរបស់រុស្ស៊ី ជាវិធីសាស្ត្រមួយនៃការដាក់ទណ្ឌកម្មខ្ទប់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ី។ ប្រេងរបស់រុស្ស៊ីបានលក់រួចទៅហើយដោយបញ្ចុះតម្លៃដ៏ច្រើនទៅកាន់ពិភពលោក ស្របពេលជួបការលំបាកផ្នែកហិរញ្ញវត្ថុ និងភស្តុភារ។ តម្លៃប្រេងលាយអ៊ុយរ៉ាល់ (Urals) របស់រុស្ស៊ីគឺប្រហែល ៧៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល បើប្រៀបធៀបទៅនឹងតម្លៃគោលប្រេង Brent នៅខែខាងមុខដែលក្រោម ១០០ដុល្លារ។ រុស្ស៊ីបានព្រាងកញ្ចប់ថវិកាឆ្នាំ២០២២ ដំបូងដោយប្រើតម្លៃមធ្យមអ៊ុយរ៉ាល់ ៦២,២ដុល្លារក្នុងមួយបារ៉ែល៕
អត្ថបទ៖ សុខមាន