បាល់ទាត់៖ អ្នកចាត់ការថ្មីរបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានសម្រេចច្បាស់ថា ខ្សែការពារអង់គ្លេស Harry Maguire នឹងនៅបន្តកាន់តំណែងប្រធានក្រុមដដែលសំរាប់រដូវកាលថ្មីខាងមុខនេះ។

អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទឹកដីអូស្ត្រាលីថា គ្មានអ្វីដែលត្រូវពិបាកឡើយ ហើយក៏គ្មានបញ្ហាអ្វីដែលធ្វើឱ្យមានការលំបាកក្នុងការសម្រេចចិត្តនោះឡើយ Harry Maguire នឹងនៅតែជាប្រធានក្រុមដដែល។ Harry Maguire ដែលរងការរិះគន់ជាច្រើនជុំវិញទម្រង់លេងរបស់ខ្លួននោះ ហាក់មានភាពកក់ក្តៅឡើយវិញក្រោយដំណឹងនេះ ដែលមានន័យថាកីឡាករវ័យ ២៩ឆ្នាំរូបនេះនៅតែជាជម្រើសដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី។
រំលឹកថា Harry Maguire បានមកកាន់ Manchester United កាលពីឆ្នាំ២០១៩ ផ្ទេរពី Leicester City ក្នុងតម្លៃ ៨០លានផោនបំបែកកំណត់ត្រាខ្សែការពារដែលមានតម្លៃផ្ទេរថ្លៃបំផុតលើលោករបស់ Virjil van Dijk ដែលផ្លាស់ពី Southampton ទៅ Liverpool កាលពីឆ្នាំ២០១៨ តម្លៃ ៧៥លានផោន៕
អត្ថបទ៖នាង សុភាវុធ