ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទៅលើឯកសារសំខាន់មួយចំនួន ដែលពិធីនេះធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស ។
ក្រៅពីការចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរប្រទេស ក៏បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីជជែងទៅលើការងារផ្សេងៗផងដែរ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកមិញនេះ ឯកឧត្តម បានចូលជួបសម្ដែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាវិមានសន្តិភាព ។
នៅរសៀលនេះដែរ ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹងអញ្ជើញផ្តល់បទឧទ្ទេសនាមនៅក្នុងបាឋកថា ដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស៕ អត្ថបទ បាន សុខរិទ្ធិ


