ភ្នំពេញ៖ មាតា បិតា អាណាព្យាបាលនាំយកកូនៗអាយុចាប់ពី៦ឆ្នាំ រហូតដល់ក្រោម១២ឆ្នាំ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ដូសជំរុញទី៤ និងពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញទី៥ នៅមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ឌួង សុគន្ធា ប្រធានមណ្ឌលសុខភាពទឹកថ្លា បានឲ្យដឹងនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះ ជំរុញប្រជាពលរដ្ឋ ដែលមានកូនអាយុចាប់ពី៦ឆ្នាំ រហូតដល់ក្រោម១២ឆ្នាំ ដល់វេណត្រូវមកចាក់វ៉ាក់សាំង ដូសជំរុញទី៤ហើយនោះ នាំយកកូនៗ មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបានឆាប់រហ័ស ដើម្បីបង្ការ ទប់ស្កាត់ការផ្ទុះឆ្លងរីករាលដាលឡើងវិញក្នុងសហគមន៍ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ ប្រព័ន្ធសុខាភិបាល និងសកម្មភាពសង្គម សេដ្ឋកិច្ច ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន។
មាតា បិតា អាណាព្យាបាលនាំយកកូនៗមកចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសជំរុញទី៤ និងប្រជាពលរដ្ឋមកចាក់វ៉ាក់ សាំងដូសជំរុញទី៥ នៅទីតាំងមណ្ឌលសុខភាពទឹកថ្លា បានលើកឡើងពីសារប្រយោជន៍ដែលទទួលបានវ៉ាក់សាំង គ្រប់ដូស គ្រប់ចំនួនកំណត់របស់ក្រសួងសុខាភិបាល និងគោរពដឹងគុណប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា បានខិតខំរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋពីដូសទី១ រហូតដល់ដូសទី៥។
បើតាមឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ រហូតដល់ក្រោម១២ឆ្នាំ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ គោលដៅ ២២១,១៣៦នាក់ ដូសទី៤ ចាក់វ៉ាក់សាំងបានចំនួន ២,៣៦៧នាក់ (១.០៧%)៕ អត្ថបទ រដ្ឋា