អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង Vinnytsia ភាគកណ្តាលប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ 23នាក់ស្លាប់ក្នុងនោះមានកុមារ 3នាក់ និងរងរបួសជាង 100នាក់កាលពីថ្ងៃព្រហស្បតិ៍។

លោក Zelenskyy បានចោទប្រកាន់រុស្សីពីការបាញ់ផ្លោងមីស៊ីលទៅលើជនស៊ីវិលដោយចេតនា និងបានអំពាវនាវជាថ្មីម្តងទៀតសម្រាប់រុស្ស៊ីឲ្យត្រូវបានគេប្រកាសថា ជារដ្ឋគាំទ្រភេរវកម្ម។ ក្រុមមន្ត្រីបាននិយាយថា មីស៊ីល Kalibr បំពាក់លើនាវា ត្រូវបានបាញ់ចេញពីនាវាមុជទឹករុស្ស៊ីនៅសមុទ្រខ្មៅ ដែលបានវាយប្រហារអគារលំនៅឋានជនស៊ីវិលក្នុងទីក្រុង Vinnytsia ជាទីក្រុងមានចម្ងាយ 268គីឡូម៉ែត្រភាគនិរតីរដ្ឋធានី Kyiv។ អភិបាលក្រុង Vinnytsia លោក Serhiy Borzov បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីល 2គ្រាប់ក្នុងចំណោមមីស៊ីល 4គ្រាប់របស់រុស្សីដែលបាញ់ចូលមក។

ស្នងការនគរបាលជាតិលោក Ihor Klymenko បាននិយាយថា រហូតមកដល់ពេលនេះមានតែសាកសព 6នាក់ប៉ុណ្ណោះត្រូវបានគេកំណត់អត្តសញ្ញាណ ខណៈមនុស្ស 39នាក់នៅបាត់ខ្លួននៅឡើយ។ ការវាយប្រហារនេះបានកើតឡើង ខណៈដែលមន្ត្រីរដ្ឋាភិបាលមកពីប្រទេសប្រមាណ 40 បានជួបប្រជុំគ្នានៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីពិភាក្សាអំពីការសម្របសម្រួលការស៊ើបអង្កេត និងការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមដែលកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។ លោក Zelenskyy បានអំពាវនាវឱ្យបង្កើតយន្តការមួយ សម្រាប់ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅជុំវិញពិភពលោក និងប្រើប្រាស់ទ្រព្យសម្បត្តិនេះ ដើម្បីផ្តល់សំណងដល់ជនរងគ្រោះដោយភេរវកម្មរុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន