ឥណ្ឌូនេស៊ី៖ មេដឹកនាំហិរញ្ញវត្ថុប្រទេស G20 បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះនៅរមណីយដ្ឋានកោះបាលី ខណៈដែលប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ីព្យាយាមស្វែងរកចំណុចរួមនៅក្នុងក្រុម ដែលជួបភាពស្មុគស្មាញដោយសង្គ្រាមនៅអ៊ុយក្រែន ក្នុងពេលមានសម្ពាធសេដ្ឋកិច្ចអតិផរណាកើនឡើង។

ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនដែលវិមានក្រឹមឡាំងបានចាត់ទុកថា ជាប្រតិបត្តិការសឹក ពិសេសបានគ្របដណ្ដប់លើកិច្ចប្រជុំមុនៗដោយក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន 20 រួមទាំងការជួបប្រជុំរដ្ឋមន្ត្រីការបរទេសកាលពីសប្តាហ៍មុន។ យោងតាមរដ្ឋមន្ត្រីផែនការបានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានថ្លែងទៅកាន់តំណាងធនាគារពិភពលោកនៅក្នុងកិច្ចប្រជុំក្នុងទីក្រុងហ្សាកាតាថា លោកសង្ឃឹមថា សមាជិកប្រទេស G20 អាចចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបានបញ្ចប់ការជួបប្រជុំនៅថ្ងៃសៅរ៍។ សមាជិកក្រុមប្រទេស G20 រួមមានបណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី និងចោទប្រទេសនេះពីឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនដែលខ្លួនបានបដិសេធ រួមទាំងប្រទេសមួយចំនួនដូចជាចិន ឥណ្ឌា និងអាហ្វ្រិកខាងត្បូងដែលនៅស្ងាត់ស្ងៀមក្នុងការឆ្លើយតបរបស់ពួកគេ។
ឥណ្ឌូនេស៊ីនិយាយថា រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងថ្លែងទៅកាន់សម័យប្រជុំតាមបណ្តាញអ៊ីនធឺណិត ហើយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov ក៏នឹងថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំនេះតាមបណ្តាញអ៊ីនធឺណិតផងដែរ ដោយអនុរដ្ឋមន្ត្រីរបស់លោកបានធ្វើដំណើរមកកាន់កោះបាលី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានដើរចេញពីសម័យប្រជុំមួយជាមួយសមភាគីរបស់លោក នៅកោះបាលីកាលពីសប្តាហ៍មុន បន្ទាប់ពីអ្វីដែលលោកចាត់ទុកថា ជាការរិះគន់អត់ទំនងលើប្រទេសរបស់លោកនៅក្នុងវេទិកាមួយ ដែលលោកបាននិយាយថា គួរតែផ្តោតលើបញ្ហាសេដ្ឋកិច្ចពិភពលោក។ ប្រទេសឥណ្ឌូនេស៊ីបានលើកឡើងថា ខ្លួនចង់ឱ្យកិច្ចប្រជុំនេះបង្កើតសកម្មភាព ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារដែលកំពុងកើតមានឡើង និងកំពុងប៉ះពាល់ដល់ប្រទេសក្រីក្រ៕
អត្ថបទ៖ ប៊ុនថន