ស្វាយរៀង៖ បញ្ហាទីផ្សារ និងការចំណាយខ្ពស់លើថ្លៃដើមផលិត នៅតែជាកង្វល់របស់កសិករធ្វើស្រែចម្ការ ដែលពួកគេស្នើសុំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនានាជួយគិតគូរអំពីបញ្ហានេះឱ្យបានខ្លាំងក្លាផង។
កសិករ នៅក្នុងខេត្តស្វាយរៀង បាននិយាយថា បច្ចុប្បន្ន អ្វីដែលពួកគេ កំពុងប្រឈមនោះ គឺតម្លៃកសិផល និងស្រូវអង្ករ មិនទៀតទាត់នៅលើទីផ្សារក្នុងស្រុក បណ្ដាលមកពីការទម្លាក់តម្លៃតាមចិត្ត ពីសំណាក់ឈ្មួញកណ្ដាល បញ្ហាតម្លៃដើមផលិត តម្លៃប្រេងឥន្ធនៈ ជី និងថ្នាំពុលកសិកម្ម មិនទៀងទាត់ ដែរ ធ្វើឱ្យពួកគេពិបាករកចំណេញ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង លោក មាគ ឆវណ្ណរុណ បាននិយាយថា កិច្ចការនេះ វាហួសពីសមត្ថភាពរបស់មន្ទីរ ។
តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តស្វាយរៀង ដែលBTV ទទួលបាន គិតត្រឹមថ្ងៃទី១១ ខែកក្កដា នេះ កសិករក្នុងខេត្តស្វាយរៀង បានធ្វើការប្រមូលផលស្រូវដើមរដូវ បានប្រមាណជាង ២០០ហិកតា ដោយទទួលបានទិន្នផលប្រមាណជាង ៧០០តោន។
ក្នុងនោះ កសិករ ក្នុងនិងក្រៅខេត្ត បាននាំស្រូវចម្រុះទៅកាន់ទីផ្សារវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័ល្ល ច្រកក្រសាំងជ្រំ ច្រកដូង ច្រកព្រៃតាអី និងច្រកទ្វេភាគី និងបុសមន ក្នុងមួយសប្តាហ៍ ប្រមាណជាង៥ពាន់តោន ដែលតម្លៃស្រូវក្នុង ១គីឡូក្រាម ចន្លោះ៩០០រៀល៕ អត្ថបទ៖ ភា សារិត