ប៉ៃលិន៖ ផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋធ្វើដំណើរ កាលពីវេលាម៉ោង១៨ និង២០នាទីព្រលប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញអណ្តាតភ្លើងឆេះចេញពីផ្ទះអ្នកលក់ចាប់ហ៊ួយមួយកន្លែងឈ្មោះ ឈីម ស្រីធំ ភេទស្រី អាយុ២១ឆ្នាំ ព្រមទាំងមានសំឡេងផ្ទុះ សង្ស័យជាការផ្ទុះធុងហ្គាស រួចក៏បន្តឆេះរាលដាល ជាអណ្តាតភ្លើងខ្លាំងឡើងៗតែម្តង។
បើតាមលោក ស៊ឹម សុផល នាយប៉ុស្ត៍រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា មូលហេតុនៃការឆាបឆេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី រួចក៏ឆេះឆ្លងផ្ទុះហ្គាសបណ្ដាលឲ្យរាលឆេះដល់ផ្ទះចំនួនពីរថែម ទៀត។
សមត្ថកិច្ចជំនាញគ្រប់គ្រងស្ថានភាពបានពន្លត់ជាស្ថាពរ ដោយប្រើទឹករថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន អស់ទឹកចំនួន ៣គ្រឿងផងដែរ៕









