អ៊ុយក្រែន៖ បុគ្គលិកនៅរោងចក្រគ្រាប់ធញ្ញជាតិធំមួយក្នុងទីក្រុង Melitopol បានរៀបចំវេចខ្ចប់ផលិតផលរបស់ពួកគេ បន្ទាប់ពីរុស្ស៊ីបានអះអាងការគ្រប់គ្រងទីក្រុងភាគខាងកើតអ៊ុយក្រែនកាលពីដើមខែនេះ។
លោក Andrey Siguta អភិបាលក្រុង Melitopol បាននិយាយថា គោលដៅរបស់រដ្ឋបាលលោកដំបូងគឺផ្តល់សន្តិសុខស្បៀង សម្រាប់តំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន។ លោកនិយាយថា មន្ត្រីនឹងវាយតម្លៃការប្រមូលផល និងកំណត់ថា តើគ្រាប់ធញ្ញជាតិចំនួនប៉ុន្មាននឹងត្រូវលក់ចេញ។ អ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលី ពោត និងប្រេងផ្កាឈូករ័ត្នធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីបានបញ្ឈប់ការដឹកជញ្ជូន ឆ្លងកាត់ច្រកសមុទ្រខ្មៅទៅកាន់សមុទ្រមេឌីទែរ៉ាណេ។ កាលពីថ្ងៃសុក្រម្សិលមិញពលរដ្ឋនៅទីក្រុង Melitopol ភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែនបានដាក់ពាក្យសុំលិខិតឆ្លងដែនរុស្ស៊ី ក្នុងពេលមានប្រតិបត្តិការសឹកពិសេសដែលនៅតែបន្តរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។
ជាផ្នែកមួយនៃដំណើរការដាក់ពាក្យស្នើសុំពលរដ្ឋត្រូវបានគេសម្ភាសន៍ និងឲ្យផ្ដិតមេដៃនៅការិយាល័យលិខិតឆ្លងដែន មុនពេលពួកគេសន្យាដោយគោរពតាមរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី។ ការិយាល័យលិខិតឆ្លងដែនស្រដៀងគ្នានេះដែរក៏បានបើកនៅតំបន់ Donetsk កាលពីដើមខែនេះ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានពង្រីកនីតិវិធីយ៉ាងលឿនសម្រាប់ការទទួលបានសញ្ជាតិរុស្ស៊ី ដល់ពលរដ្ឋអ៊ុយក្រែនទាំងអស់នៅក្នុងសប្ដាហ៍នេះ៕
អត្ថបទ៖ ប៊ុនថន