ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញទៅពិនិត្យ «វិថីបង់ហ្គាបាន់ឌូ សេក្ខ មូជីប» ដែលស្ថិតនៅលើផ្លូវលេខ៣៣៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ដើម្បីជាសក្ខីភាព នៃទំនាក់ទំនងដ៏ល្អប្រសើររវាប្រជាជន និងរដ្ឋាភិបាល នៃប្រទេសកម្ពុជា-បង់ក្លាដែស ដោយភាគីរដ្ឋាភិបាលបង់ក្លាដែស សម្រេចយកព្រះបរមនាមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” ដាក់ឈ្មោះផ្លូវមួយនៅតំបន់អគារស្ថាប័នរដ្ឋ ក្នុងទីក្រុងដាកា ។
ចំណែកកម្ពុជា បានកំណត់យកផ្លូវក្រាលកៅស៊ូមួយខ្សែ (ផ្លូវ៣៣៧) ដែលមានបណ្តោយប្រវែង១ ៣១០ម៉ែត្រ និងទទឹងប្រវែង ១៧ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក សម្រាប់ដាក់ឈ្មោះបិតាជាតិរបស់បង់ក្លាដែស គឺ (វិថីបង់ហ្គាបាន់ឌូ សេក្ខ មូជីប) ។
សម្រាប់បង្ហាញជាមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ វិថី និងមហាវិថីមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ក៏មានដាក់ឈ្មោះបុគ្គលសំខាន់ ឬឈ្មោះប្រទេសមួយចំនួនផងដែរ ដូចជាមហាវិថីម៉ៅស៊ីទុង, មហាវិថីសហព័ន្ធរុស្ស៊ី, មហាវិថីហាណូយ និងវិថីហ្សាដឺហ្គោលជាដើម ៕ អត្ថបទ៖ បាន សុខរិទ្ធិ

