ភ្នំពេញ៖ តុវិនិយោគកសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នឹងជួយពង្រឹងមូលដ្ឋានរបស់វិស័យកសិ-ចំណីអាហារនៅកម្ពុជា ឱ្យកាន់តែរឹងមាំ និងកាន់តែមានភាពធន់ តាមរយៈការធ្វើពិពិធកម្មធនធាន និងទម្រង់នៃការវិនិយោគ ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើតការងារដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនកម្ពុជា។
ស្ថាប័នធំៗចំនួនបីរួមមាន៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានសហការរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលព្រឹត្តិការណ៍នេះមានសារៈសំខាន់ណាស់ និងជាសក្ខីភាពឆ្លុះបញ្ចាំងពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី លើការពន្លឿនសកម្មភាពជំរុញវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ ជាអាទិភាព ដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ ការកាត់បន្ថយភាពក្រីកតាមរយៈការបង្កើតការងារបន្ថែម និងការជំរុញកំណើនសេដ្ឋកិច្ច និងចីរភាពបរិស្ថានជដើម។
ចំពោះឧបករណ៍ចម្បងនេះ នឹងរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម។ ប្រតិបត្តិការរបស់តុវិនិយោគកសិ-ចំណីអាហារ នៅ ក.អ.ក. នឹងជួយពង្រឹងមូលដ្ឋានរបស់វិស័យកសិ-ចំណីអាហារនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមានភាពធន់ តាមរយៈការធ្វើពិពិធកម្មធនធាន និងទម្រង់នៃការវិនិយោគ ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើតការងារដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនកម្ពុជា។
នៅក្នុងពិធីនេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក. ថ្លែងថា កិច្ចសហប្រតិបត្តិការក្នុងការបង្កើតឱ្យមានតុវិនិយោគកសិ-ចំណីអាហារ (AFID) នៅ ក.អ.ក. គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានតែមួយគត់ ដែលនឹងផ្តល់ព័ត៌មាន និងជួយវិនិយោគិន ឱ្យច្បាមយកកាលានុវត្តភាពមិនទាន់ច្នៃ នៃធនធានកសិកម្មកម្ពុជា ហើយលើសពីនេះទៀត គឺការទទួលបាននូវការលើកទឹកចិត្តដ៏ទាក់ទាញពីច្បាប់ស្តីពីវិនិយោគ។
ចំណែក ឯកឧត្តម ឌីប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការលើកកម្ពស់ផលិតភាពក្នុងវិស័យកសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។ ចំពោះការដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ នៅ ក.អ.ក. នាពេលនេះ គឺជាសមិទ្ធផលថ្មី និងជាសក្ខីភាពមួយ ដែលអូស្ត្រាលី បានចូលរួមជួយបំពេញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ ទាក់ទាញ និងថែរក្សាការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ធុរកិច្ច និងកសិ-ចំណីអាហារ។
ជាមួយគ្នានេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អក្រៃលែង ពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានផ្តល់ការគាំទ្រទាំងបច្ចេកទេស និងធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។
សូមបញ្ជាក់ថា៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងកែច្នៃចំណីអាហារ ចំនួនប្រមាណ ៤០០ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០.៣៣ ប៊ីលានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី