
ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋខ្មែរអាចចូលទិញទំនិញបានដោយរួចពន្ធ ដែលមានផលិតផលជាច្រើនប្រភេទ និងលំដាប់ថ្នាក់ជាន់ខ្ពស់ នៅផ្សារទំនិញរួចពន្ធ ស៊ីឌីអេហ្វ (CDF) គ្រប់សាខាទាំងអស់នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
នៅក្នុងពិធីសម្ពោធផ្លូវការ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅណាហ្គាវើលដ៍ រាជធានីភ្នំពេញ ឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២០មក ជំងឺកូវីដ-១៩ បានរាតត្បាតជាសកលនៅទូទាំងពិភពលោក។ ក្នុងន័យនេះ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញឲ្យបានឆាប់រហ័ស ព្រមទាំងកាត់បន្ថយសំពាធរបស់សហគ្រាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុម័តឲ្យក្រុមហ៊ុន CDF Cambodia សាកល្បងអនុវត្តគោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ។
លោក វ៉ូ គ័រឈាន់(Wu Guo Quan) ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាបានលើកឡើងថា នេះជាគោលការណ៍ថ្មីមួយសម្រាប់វិស័យលក់រាយទំនិញរួចពន្ធ ក្រោមការខិតខំប្រឹងប្រែងរួមគ្នា រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន CDF Cambodia យើងធ្វើជាសក្ខីភាពចំពោះសម័យកាលថ្មីក្រោយកូវីដ១៩ និងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ជាកម្លាំងចលករជំរុញដល់ការសម្រេចបាននូវគោលការណ៍ថ្មីខាងលើនេះ។
លោក Shao Jian Chen អគ្គនាយកក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី បានសម្តែងការអរគុណចំពោះរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុម័តគោលការណ៍នេះ និងបានបន្តថា ការជំរុញឲ្យគោលការណ៍វិវត្តទៅយ៉ាងឆាប់រហ័សបែបនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីសមត្ថភាព ក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ស្ថាប័នរដ្ឋាភិបាលកម្ពុជា គោលការណ៍នេះមិនត្រឹមតែមានគុណប្រយោជន៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញដល់ការអភិវឌ្ឍថ្មីមួយទៀត នៃវិស័យលក់រាយទំនិញរួចពន្ធនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា បន្ទាប់ពីបើកដំណើរការគោលការណ៍នេះ ជនជាតិខ្មែរអាចទិញផលិតផលដែលមានតម្លៃក្នុងមួយឯកតាមិនទាបជាង ៥០ដុល្លារអាមេរិក ហើយក្នុងមួយឆ្នាំអាចទិញទំនិញរួចពន្ធសរុបជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់៕ (ដោយ :ឈិត បូរ៉ាវី)








