ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា តាមរយៈអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួន បានធ្វើការកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះជោគជ័យ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីដើម ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង ខណៈ ការជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំ នយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចេញក្រោយបញ្ចប់អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួននាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ការជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកនេះ«បានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំ នយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយអនុវត្តរបបបោះឆ្នោតពហុបក្សជាប់លាប់តាមពេលវេលាកំណត់ រក្សាបានភាពចម្រុះខាងនយោបាយនៅគ្រប់ថ្នាក់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន»។
ជាមួយគ្នានេះអង្គសន្និបាត បានសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ-សង្កាត់ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ដោយទទួលបានសំឡេងគាំទ្រស្មើនឹង៧៤,៣២%នៃសំឡេងឆ្នោតបានការសរុបទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ៨០,៦៧% និងទទួលតំណែងជាមេឃុំ ចៅសង្កាត់ ៩៩,៧៦%។
សេចក្តីជូនដំណឹងរបស់អង្គសន្និបាត ក៏បានលើកឡើងផងដែរថា «តាមរយៈជ័យជម្នះនេះបានឆ្លុះបញ្ចាំងនូវការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន និងបង្ហាញច្បាស់ថាប្រជាជនគាំទ្រសន្តិភាពគាំទ្រការអភិវឌ្ឍ និងគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ។
អង្គសន្និបាតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់អង្គការចាត់តាំង មន្ត្រី និងសកម្មជនរបស់គណបក្ស ដែលបានប្រឹងប្រែងគ្រប់លទ្ធភាព យកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ផ្សារភ្ជាប់ជាមួយមូលដ្ឋានជាមួយប្រជាជន ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដើម្បីបម្រើបុព្វហេតុរបស់គណបក្សផងដែរ។
យ៉ាងណាក៏ដោយអង្គសន្និបាតក៏បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ អំពីកត្តាធំៗនៃជ័យជម្នះរបស់គណបក្សដែលត្រូវយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្តទៀត ព្រមទាំងចំណុចខ្វះខាតនានាដែលត្រូវខិតខំដោះស្រាយ និងកែលម្អដើម្បីពង្រឹងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្សឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕(ដោយ៖ បាន ចក់)



