បាល់ទាត់៖ អ្នកចាត់ការក្រុមជំរើសជាតិអង់គ្លេស លោក Gareth Southgate រំពឹងថា ប៉ូឡូញនឹងមានការរៀបចំបានល្អជាងមុន នៅពេលគ្មានវត្តមានខ្សែប្រយុទ្ធជួរមុខ Robert Lewandowski ខណៈក្រុមទាំងពីរនឹងត្រូវជួបគ្នារាត្រីនេះនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍វគ្គជំរុះ World Cup ២០២២ ជុំទី៣ ក្នុងពូល I។

ខ្សែប្រយុទ្ធ Bayern Munich ដែលបានចាកចេញទៅទឹកដីអាល្លឺម៉ង់មុនគេ ទើបបានបញ្ជាក់ដោយក្រុមគ្រូពេទ្យអាល្លឺម៉ង់ពីរបួសជង្គង់របស់គេ ដោយនឹងត្រូវសម្រាកយ៉ាងហោចណាស់ ១ខែ។ Lewandowski បានស៊ុតបញ្ចូលទី ២គ្រាប់ពេលប៉ូឡូញឈ្នះអង់ដូរ៉ា ៣-០ និងជាប្រកួតដែលគេទទួលរងរបួស។ បង្ហាញខ្លួនឲ្យក្រុមជំរើសជាតិប៉ូឡូញ ១១៨ប្រកួតអតីតខ្សែប្រយុទ្ធ Dortmund រូបនេះរកបាន ៦៦គ្រាប់។
លោក Southgate បានច្រានចោលការលើកឡើងថា អង់គ្លេសមានការធូរស្បើយចិត្តនៅពេលអវត្តមានខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ ផ្ទុយទៅវិញអ្នកចាត់ការអង់គ្លេសរូបនេះជឿថា អ្នកមកជំនួស Lewandowski នឹងស្រែកឃ្លានជ័យជំនះកាន់តែខ្លាំង ហើយក្រុមប៉ូឡូញទាំងមូលនឹងមានការរៀបចំល្អជាងមុន ទៅតាមកាលៈទេសៈដែលពួកគេគ្មានខ្សែប្រយុទ្ធជួរមុខ ដ៏សំខាន់រូបនេះ។ សូមបញ្ជាក់ថា អង់គ្លេសចាប់ផ្តើមយុទ្ធនាការប្រកួតជំរុះ World Cup របស់ខ្លួនជាមួយនឹងជ័យជំនះ ២ប្រកួតផ្ទួនៗ ដែលរួមមានឈ្នះសាន់ម៉ារីណូ ៥-០ និងឈ្នះអាល់បានី ២-០៕
អត្ថបទ៖នាង សុភាវុធ