ភ្នំពេញ៖ ក្រសួងសុខាភិបាល ជំរុញឱ្យប្រជាពលរដ្ឋធ្វើតេស្តរហ័សដោយខ្លួនឯង នៅពេលមានករណីសង្ស័យផងដែរ ខណៈមានករណីរកឃើញ អូមីក្រុងបំប្លែងថ្មី B.A4 និង BA.5 នៅកម្ពុជាកើតឡើងជាបន្តបន្ទាប់។
កម្ពុជាចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា រហូតមកទល់ពេលនេះ គឺមានការរកឃើញករណីវិជ្ជមានកូវីដ១៩ ជារៀងរាល់ថ្ងៃ។ ការរកឃើញករណីឆ្លងជាថ្មីនេះ លេចចេញវត្តមាន អូមីក្រុងបំប្លែងថ្មី B.A4 និងBA.5 ដែលជាក្ដីព្រួយបារម្ភផងដែរ។
ក្ដីបារម្ភព្រោះ B.A4 និងBA.5 មានលទ្ធភាពឆ្លងលឿនជាងមុន និងមានលទ្ធភាពបញ្រ្ចៀតចូលទៅប្រព័ន្ធភាពស៊ាំរបស់សារពាង្គកាយរបស់មនុស្សផងដែរ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល ណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទៅទទួលការចាក់វ៉ាក់សាំង ជាពិសេសដូសជំរុញឱ្យបានត្រឹមត្រូវតាមកាលកំណត់ ក្នុងរយៈពេលគម្លាត ៣ខែ និងត្រូវរក្សាអនុវត្តវិធានការការពារ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។ ទន្ទឹមនឹងវិធានការការពារទាំងនេះ លោកជំទាវ បញ្ជាក់ដែរថា ការធ្វើតេស្តរហ័សដោយខ្លួនឯង ក៏ជាភាពចាំបាច់សម្រាប់បុគ្គលដែលមានរោគសញ្ញា រឺភាពសង្ស័យផងដែរ។ លោកជំទាវ លើកឡើងថា ការធ្វើតេស្តរហ័សនេះ ដើម្បីដឹងច្បាស់ពីលទ្ធផល ឆាប់ទទួលបានការព្យាបាល ចៀសផុតពីការឈានទៅភាពធ្ងន់ធ្ងរ។
ពាក់ព័ន្ធនឹងអូមីក្រុងបំប្លែងថ្មី B.A4 និងBA.5 លោកជំទាវ ឱ វណ្ណឌីន ធ្លាប់បានបញ្ជាក់ដែរថា បុគ្គលដែលឆ្លង គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀងទៅនឹងជំងឺ ផ្ដាសាយធម្មតា។
លោកជំទាវបញ្ជាក់ដែរថា ការឆ្លងអូមីក្រុងប្រភេទថ្មីនេះ មានលទ្ធភាពធ្វើឱ្យអ្នកជំងឺ ឈានទៅភាពធ្ងន់ធ្ងរ ប្រសិនបើមិនមានវ៉ាក់សាំងការពារខ្លួន និងមិនអនុវត្តតាមនិតិវិធីព្យាបាល ព្រមទាំងការការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រោមហេតុផលទាំងនេះ ទើបទាមទារឱ្យ មានការចាក់វ៉ាក់សាំងដូសជំរុញក្នុងគម្លាត រយៈពេល ៣ខែ៕អត្ថបទ៖ គឹមហុក