ភ្នំពេញ៖ អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា បានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
សេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្ស ប្រជាជនកម្ពុជា បានឱ្យដឹងថា «អង្គសន្និបាតបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជា បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត»។
ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងគាំទ្រ ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត ធ្លាប់ត្រូវបានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០២១ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា។
ចាប់ពីថ្ងៃបានបដិសន្ធិឡើងក្នុងឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ នាពេលបច្ចុប្បន្ននេះ បានចូលរួមចំណែកក្នុងសកម្មភាពសំខាន់ៗជាច្រើន ដើម្បីបុព្វហេតុជាតិមាតុភូមិ ពិសេសគឺការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ការស្វះស្វែងរកសន្តិភាព ការស្តារកសាងប្រទេស រួមទាំងរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាដើម។
គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ និងបានដឹកនាំរាជ រដ្ឋាភិបាល រយៈពេល៦អាណត្តិមកហើយ។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីខែមុន គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ដោយ ទទួលបានអាសនៈ សរុប៩,៣៧៦ ទទួលបានតំណែងមេឃុំ ចៅសង្កាត់ ចំនួន១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨នាក់ ជំទប់ទី២ ចំនួន ២៦១នាក់ផងដែរ៕អត្ថបទ៖ មុត សុទ្ធ
