ភ្នំពេញ៖ ត្រីប្រាកម្ពុជាគ្រោងនឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្នឈ្មួញអ្នកនាំចេញកំពុងចុះសិក្សា និងជជែកបញ្ហាតម្លៃ ជាមួយម្ចាស់ផលិតកម្មវារីវប្បកម្ម ដើម្បីជម្រុញដល់ការនាំចេញនៅក្នុងកម្រិតសាកល្បង។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីផលិតកម្មវារីប្បកម្ម និងទីផ្សារនាំចេញត្រីប្រាកម្ពុជា នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ នេះថា ជុំវិញការចិញ្ចឹមត្រីប្រា កម្ពុជាមានទីផ្សារចិញ្ចឹមត្រីប្រាដ៏ធំមួយ ដែលពីមុនការចិញ្ចឹមត្រីប្រារបស់ប្រជាពលរដ្ឋ គឺសម្រាប់តែការចែកចាយទីផ្សារក្នុងស្រុក។ ការនាំចេញត្រីប្រានេះ កម្ពុជាអាចពង្រីកវារីប្បកម្មរបស់ខ្លួនកាន់តែធំ ដែលឈានទៅធ្វើការផ្គត់ផ្គង់បានរាប់ពាន់ រាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ។
លោក បន្តឲ្យដឹងថា បច្ចុប្បន្នចិនបានកំពុងចុះមកសិក្សា និងជជែកពិភាគ្សាគ្នា អំពីបញ្ហាតម្លៃ ដោយឲ្យតម្លៃត្រីប្រា ក្នុងមួយគីឡូ ចំនួន ៥ ៥០០រៀល ដែលតម្លៃនេះកំពុងជជែកពិភាក្សាគ្នាបន្ត ខណៈបច្ចុប្បន្នការចិញ្ចឹមមានតម្លៃថ្លៃដើមផលិតកម្មខ្ពស់ តែប្រសិនការបញ្ជាទិញមានចំនួនច្រើន និងមានកិច្ចសន្យាកក់ប្រាក់បានត្រឹមត្រូវ និងច្បាស់លាស់ តម្លៃនេះរំពឹងថា នឹងឈាននាំចេញត្រីប្រាជាលើកដំបូងផងដែរ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី ៦ខែធ្នូ ២០២១ កន្លងមកនេះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងលើកឡើងថា ជុំវិញទីផ្សារនាំចេញរបស់កម្ពុជា ប្រទេសចិនបានសម្រេចចិត្តធ្វើការសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ក្នុងនោះតាមកិច្ចប្រជុំវីដេអូពីចម្ងាយ គឺជាវិធានការសំខាន់មួយ ដើម្បីអនុវត្តតាមកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺក្រៅពីផ្លែមៀនដែលអាចនាំចេញទៅប្រទេសចិន ចំពោះត្រីប្រារបស់កម្ពុជាវិញ ក៏នឹងអាចនាំចេញទៅទីផ្សារប្រទេសចិនផងដែរ៕អត្ថបទ៖ សុន រ៉ាឌី