រុស្ស៊ី៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានអះអាងថា បានបំផ្លាញគោលដៅយោធាអ៊ុយក្រែនរួមមានទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS និងទីតាំងផ្ទុកមីស៊ីល Harpoon ប្រឆាំងនាវា។ អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា អាវុធបាញ់ស៊ីបគោលដៅសមត្ថភាពខ្ពស់តាមអាកាសរយៈចម្ងាយឆ្ងាយ បានបំផ្លាញឃ្លាំងផ្ទុកមីស៊ីល Harpoon ប្រឆាំងនាវាដែលបណ្ដាប្រទេសអង្គការ NATO ផ្តល់មកឱ្យអ៊ុយក្រែន។

លោក Igor Konashenkov បានអះអាងថា ប្រព័ន្ធបាញ់រ៉ុក្កែត និងយានយន្តដឹកជញ្ជូនប្រព័ន្ធបាញ់មីស៊ីល HIMARS ដែលផលិតនៅសហរដ្ឋអាមេរិកត្រូវបានបំផ្លាញនៅជិតក្រុង Krasnoarmiisk។ ក្រសួងបានបញ្ចេញវីដេអូដែលបានបង្ហាញពីការវាយប្រហារតាមអាកាស លើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចល័តសមត្ថភាពខ្ពស់។ ទន្ទឹមនឹងនេះការតាំងពិព័រណ៌អាវុធដែលរឹបអូសបានពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបើកសម្រាប់អ្នកទស្សនានៅទីក្រុងកំពង់ផែ Mariupol។ រថពាសដែក សព្វាវុធ និងយុទ្ធោបករណ៍ផ្សេងទៀតត្រូវបានដាក់តាំងបង្ហាញ។
លោក Vladimir ជាសមាជិកម្នាក់នៃយោធាតំបន់ផ្តាច់ខ្លួននៅខេត្ត Donetsk បាននិយាយថា សរុបមកវាគឺជាជ័យភណ្ឌដែលត្រូវបានជ្រើសរើសភាគច្រើន ក្នុងអំឡុងពេលការវាយលុកនៅរោងចក្រ Ilyich និងរោងចក្រ Azovstal ដែលត្រូវបានយកមកដាក់តាំងបង្ហាញនេះ។ ឧបករណ៍ពីរោងចក្រ Azovstal គ្មានការខូចខាតច្រើន ឬខូចតិច យើងបានយកមកជួសជុលឡើងវិញ៕
អត្ថបទ៖ ប៊ុនថន