ភ្នំពេញ៖ អ្នកពាក់ព័ន្ធ ដែលធ្វើការងារលើវិស័យទេសចរណ៍ បានជំរុញអ្នកប្រកបរបរធ្វើអាជីវកម្មទេសចរណ៍ ត្រូវរៀបចំទីតាំងរបស់ខ្លួនឲ្យមានលក្ខណៈស្ដង់ដារ មានភាពទាក់ទាញ បើទោះបីបច្ចុប្បន្នកម្ពុជាសម្បូរទៅដោយទេសចរណ៍ក្នុងស្រុក ហើយកុំលក់ផលិតផលលួចបន្លំ ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានភាពធូរស្រាល ទេសចរណ៍ចាប់ផ្ដើមមានបណ្ដើរៗ ពិសេសទេសចរណ៍ក្នុងស្រុក បានកើនឡើងគួរសម ហើយទន្ទឹមនេះ ក៏មានពលរដ្ឋខ្មែរជាច្រើន បានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស មានទាំងតាមជើងយន្តហោះ និងតាមរថយន្ត ។
លោកជំទាវបន្តថា ខណៈកំណើនទេសចរណ៍កំពុងកើនឡើងនេះ សេវាកម្មទេសចរណ៍ផ្នែកឯកជនគួរតែរៀបចំសេវាកម្ម ផលិតផលរបស់ខ្លួន ឲ្យមានគុណភាព មានស្ដង់ដារ ទោះបីជាសម្បូរទៅដោយភ្ញៀវក្នុងស្រុក ដោយភ្ញៀវមួយចំនួន បានទទួលបទពិសោធន៍ នៅក្រៅប្រទេស ដូចនេះតម្រូវការរបស់ពួកគេ កាន់តែខ្ពស់ទៅៗ ហើយការធ្វើបែបនេះ ក៏ជួយមិនឲ្យទេសចរណ៍ខ្មែរចេញទៅលេងក្រៅប្រទេសច្រើន ៕ អត្ថបទ បាន សុខរិទ្ធិ