ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារ ជាការបន្តកសាង និងពង្រឹងសមត្ថភាពនៃធនធានមនុស្ស ដែលជាការចូលរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ដើម្បីសម្រេចបានដោយជោគជ័យនូវបេសកកម្មប្រមូលចំណូលពន្ធដារ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌” នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២២ នេះថា ការទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ ជាពិសេសចំណេះដឹងស្ដីពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងដែនសមត្ថកិច្ច និងការអនុវត្តតួនាទីជានគរបាលយុត្តិធម៌ ដោយរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺជាការយកចិត្តទុកដាក់ក្នុងការបន្តកសាង និងពង្រឹងសមត្ថភាពនៃធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាការរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ដើម្បីសម្រេចបានដោយជោគជ័យនូវបេសកកម្មប្រមូលចំណូលពន្ធដារ។
ឯកឧត្តម បន្តថា ការប្រតិបត្តិតាមគោលការណ៍ “អភិបាលកិច្ចល្អ រដ្ឋបាលកិច្ចល្អ និងគុណាធិបតេយ្យ” ដើម្បីពង្រឹង និងលើកស្ទួយមុខមាត់អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នមួយដែលមានវិជ្ជាជីវៈពិតប្រាកដ ដោយបន្តអភិវឌ្ឍជំនាញវិជ្ជាជីវៈ ចំណេះដឹង និងអត្តចរិតរបស់មន្រ្តីរាជការពន្ធដារ ដើម្បីធានាបាននូវសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារតាមមុខងារ និងតួនាទីភារកិច្ចដែលបានប្រគល់ជូន។
សូមបញ្ជាក់ថា៖ គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្រ្តីរាជការពន្ធដារសរុបចំនួន ២១៧ វគ្គ មានសិក្ខាកាមសរុបចំនួន ២៣ ៧២៥ រូប និងសាធារណជនទូទៅសរុបចំនួន ១៣៩ វគ្គ មានសិក្ខាកាមសរុបចំនួន ៩ ៩៨៩រូប។
ការអនុវត្តនេះ ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ “ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល និងគ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស”៕ អត្ថបទ៖ សុន រ៉ាឌី