
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានឃាត់ខ្លួនស្ត្រីម្នាក់យកទៅសួរនាំ ក្រោយសង្ស័យចាក់សម្លាប់បងប្រុសរបស់ខ្លួន។
ការឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅអំឡុងម៉ោង ១២ និង៤០នាទី នៃថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់នោះមានឈ្មោះ ឡោះ សុគ្រី អាយុ ៤១ឆ្នាំ មានមុខរបរលាងម៉ូតូ។ ចំណែកជនសង្ស័យជាប្អូនស្ត្រីរបស់ជនរងគ្រោះ មានឈ្មោះ ម៉ាសត៍ មានអាយុប្រមាណ ៤០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុជាមួយជនរងគ្រោះ។
ប្រភពដដែលបន្តថា អំឡុងធ្វើបុណ្យ និងបញ្ចុះសព ក៏មានលេចឮនូវភាពមិនប្រក្រតីអំពីករណីស្លាប់នោះ ហេតុនេះទើបសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសាកសួរក្រុមគ្រួសារ និងទទួលបាននូវចម្លើយមិនប្រក្រតី ថែមទាំងមានការលាក់បាំងព័ត៌មានមួយចំនួនគួរឱ្យសង្ស័យថែមទៀត។ ដោយសារតែមានករណីសង្ស័យជាច្រើនចំណុច ទើបសមត្ថកិច្ចជំនាញបានសុំគោលការណ៍គាស់យកសាកសពមកធ្វើកោសល្យវិច័យ។ ក្រោយការធ្វើកោសល្យវិច័យសមត្ថកិច្ចជំនាញពិនិត្យឃើញសាកសពមានស្នាមរបួសចំនួ ន ៧កន្លែងនៅក្រោយខ្នង។
ប្រភពពីកន្លែងដែលជនសង្ស័យ និងជនរងគ្រោះរស់នៅបានឱ្យដឹងថា កាលពីអំឡុងម៉ោងប្រហែល ៩យប់នៃថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះដែលជនសង្ស័យ និងជនរងគ្រោះរស់នៅនោះ មានករណីបងប្អូនឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហិង្សា ដោយបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារជនរងគ្រោះ មានរបួសធ្ងន់ ទើបបណ្ដាលឱ្យស្លាប់ក្នុងអំឡុងពេលជួយសង្គ្រោះនៅមន្ទីរពេទ្យនោះទៅ៕ អត្ថបទ៖ កុម្ភៈ




