ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីជូនដំណឹងអំពីប្រភេទកីឡាដែលត្រូវបានសម្រេច ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) កាលពីសប្ដាហ៍មុន។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា កិច្ចប្រជុំនេះផ្ដោតសំខាន់លើការជូនដំណឹងអំពីភាពច្បាស់លាស់ បន្ទាប់ពីក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានអនុម័តប្រភេទកីឡាសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ពិសេសការបែងចែកតួនាទីភារកិច្ចដល់សហព័ន្ធកីឡាជាតិ ក៏ដូចជាការរៀបចំយុទ្ធសាស្ដ្រដើម្បីធានាបានជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។ គួរដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍លើកទី២ ដែលធ្វើឡើងរយៈពេល ៣ថ្ងៃនៅកម្ពុជាកាលពីសប្ដាហ៍មុនគឺបានអនុម័តលើកីឡា ៣៩ប្រភេទបូកជាមួយកីឡាសម្ដែង ១ប្រភេទដែលត្រូវដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។
ចំពោះកីឡាទាំង ៣៩ប្រភេទរួមមានកីឡាអត្តពលកម្ម ហែលទឹក វាយសី, បាល់បោះ, ប៊ីយ៉ា ស្នូកឃ័រ, ប្រដាល់សកល, ប្រណាំងទូកប្រពៃណី, កីឡាអុក, គ្រីឃីត, ទោចក្រយាន, កីឡារាំ, បាល់ទាត់, គុនដាវ, ហែលទឹកជើងទា, វាយកូនគោល, កាយសម្ព័ន្ធ, ហុកគី, យូដូ, ការ៉ាតេ, គុនខ្មែរ, ប៉េតង់, ទូកក្ដោង, សីដក់, បញ្ចសីលា, សូហ្វតេន្នីស, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, វាយកូនបាល់, ទ្រីយ៉ាត្លុង, បាល់ទះ, លើកទម្ងន់, ចំបាប់, វ៉ូស៊ូ, កាយវប្បកម្ម, E-Sports, កីឡា Floorball, ម៉ូតូទឹក, កីឡាឧបសគ្គ និងកីឡាយុទ្ធគុនចម្រុះ ដែលរួមបញ្ចូលគ្នានៃប្រភេទកីឡាគុនល្បុក្កតោ, Arnis, ជឺជីតស៊ូ, ឃីកបុកសីង, តេក្វាន់ដូ ITF និងវ៉ូវីណាម។ រីឯកីឡាសម្ដែង ១ប្រភេទដែលត្រូវបានបញ្ចូលដែរគឺប្រភេទកីឡាសម្ដែង Demonstration Sport ដែលជាប្រភេទកីឡាមិនស្ថិតក្នុងការប្រកួតប្រជែងដណ្ដើមមេដាយ។ Demonstration Sport ដែលត្រូវបានដាក់លើកដំបូងគឺកីឡា Teqball ជាកីឡាបាល់មួយដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ៕
អត្ថបទ៖ លី ឈុនឡា