ភ្នំពេញ៖ ចាប់តាំងពីកម្ពុជាបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ឡើងវិញនៅអំឡុងខែមិថុនា ឆ្នាំ២០២២ ធ្វើឲ្យសន្ទុះរបស់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងមានការកើនឡើងវិញផងដែរ ទន្ទឹមនឹងការបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ។
លោក ង៉ែត សូវណ្ណដេត ប្រធានក្រុមការចាក់វ៉ាក់សាំងរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅទីតាំងវិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង ស្ថិតក្នុងខណ្ឌសែនសុខបានលើកឡើងថា កាលពីខែមុនៗ ក្រោយពេលកម្ពុជាមានភាពធូរស្បើយ នៃការរកឃើញករណីវិជ្ជមានកូវីដ-១៩ ការមកទទួលវ៉ាក់សាំងរបស់ពលរដ្ឋមានសភាពតិចតួចក្នុងមួយថ្ងៃៗ ឬមានភាពយឺតយ៉ាវ។ លោកបានបន្តថា ដោយនារយៈពេលកម្ពុជាបានរកឃើញករណីអ្នកវិជ្ជមានជាថ្មីឡើងវិញ ធ្វើឲ្យកំណើនអ្នកមកទទួលវ៉ាក់សាំងមានការកើនឡើងក្នុងមួយថ្ងៃៗ ខណៈក្រុមគ្រូពេទ្យ TYDA បាននឹងកំពុងពង្រាយការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខ ជិត ១០ក្រុម។
សម្រាប់សិស្សានុសិស្សបានចាក់វ៉ាក់សាំងលើកឡើងថា ពួកគេបានដឹងថា បច្ចុប្បន្នកម្ពុជាកំពុងរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ឡើងវិញជារៀងរាល់ថ្ងៃ ទើបពួកគេរួសរាន់ចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួនដូស ហើយក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានបង្ខិតទីតាំងចាក់វ៉ាក់សាំង មកដល់សាលារៀនរបស់ពួកគេ និងដោយឥតគិតថ្លៃ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើងទៅបានចំនួន ៩៤,៤៣ភាគរយ ធៀបនឹងចំនួនពលរដ្ឋសរុប ១៦លាននាក់៕ អត្ថបទ៖ បាន សុខរិទ្ធិ


