វាយកូនឃ្លីលើតុ៖ ពេលនេះកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុកម្ពុជា កំពុងតែហ្វឹកហាត់នៅសាលាដំបូលទូកនៃពហុកីឡដ្ឋានជាតិត្រៀមសម្រាប់ស៊ីហ្គេម ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំក្រោយ។
ក្នុងចំណោមនោះគេឃើញមានវត្តមានកីឡាការិនីវ័យក្មេងកូនខ្មែរនៅអាមេរិក ចិន អាន់នីកា មីឆែល ក៏កំពុងហ្វឹកហាត់ដែរ ហើយត្រូវបានសរសើរពីមិត្តរួមក្រុម គ្រូបង្វឹក និងថ្នាក់ដឹកនាំរបស់សហព័ន្ធ។ ប្រាប់ទូរទស្សន៍ ប៊ីធីវី កាលពីពេលថ្មីៗនេះ លោក ចិន ហង់រី ហៅហេងដែលត្រូវជាឪពុក និងបានចំណាយថវិកាផ្ទាល់ខ្លួនជូនកូនមកហ្វឹកហាត់ជាមួយជម្រើសជាតិកម្ពុជា បានបញ្ជាក់ពីមូលហេតុដែលសម្រេចបញ្ជូនកូនមកហ្វឹកហាត់ជាមួយជម្រើសជាតិកម្ពុជាថា ទោះបីយើងនៅអាមេរិក តែយើងជាជនជាតិខ្មែរ ហើយម្យ៉ាងទៀតដោយមើលឃើញថា កីឡាការិនីវាយកូនឃ្លីលើតុកម្ពុជាមិនមានច្រើននៅឡើយ។ ពាក់ព័ន្ធនឹងស៊ីហ្គេម ២០២៣ លោកបញ្ជាក់ថា ប្រជាជនខ្មែរទីនោះដឹងច្រើន និងគាំទ្រចំពោះការធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣ នេះ ហើយពូកគាត់ក៏គាំទ្រដែលលោកបញ្ជូនកូនស្រីមកប្រកួតតំណាងជាតិ ទោះបីជាត្រូវចំណាយថវិកាខ្លួនឯងក៏ដោយ។
ចំនែកលោក ឃុន ផានិត គ្រូបង្គោលជម្រើសជាតិវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជាក់ថា អាន់នីកា មកហ្វឹកហាត់នៅកម្ពុជាជាង ១០ថ្ងៃហើយឃើញថាល្អ ហើយគេអាចប្រកួតជាមួយកីឡាករបុរសៗបានយ៉ាងល្អ។ លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជាក់ថា ក្រៅពីកីឡាការិនីរូបនេះ សហព័ន្ធនឹងស្វែងរកកីឡាករ-កីឡាការិនីកូនខ្មែរកាត់បរទេស ដែលមានសមត្ថភាពជាច្រើនទៀតមកប្រកួតតំណាងកម្ពុជា៕
អត្ថបទ៖ គង់ ហួន