បាល់ទាត់៖ ខ្សែប្រយុទ្ធវែល Gareth Bale បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្លិបអាមេរិក Los Angeles FC ក្នុងនាមជាកីឡាករបម្រុងផ្លាស់ប្តូរចូលនៅនាទីទី៧២ ស្របពេល LAFC យកឈ្នះនៅទឹកដី Nashville FC ២-១។ អតីតខ្សែប្រយុទ្ធ Real Madrid រូបនេះក៏បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លះដែរនៅ ១៨នាទីចុងក្រោយនៃការប្រកួត។

Gareth Bale ដែលឈានចូលវ័យ ៣៣ឆ្នាំកាលពីថ្ងៃសៅរ៍នោះបាននិយាយក្រោយចប់ការប្រកួតថា រូបគេមានអារម្មណ៍រំភើបចំពោះអាជីពថ្មីនៅទឹកដីអាមេរិកនេះ ហើយក៏ស្រែកឃ្លានជ័យជំនះប្រកួតបន្តបន្ទាប់ទៀតដែរឱ្យ Los Angeles FC។ ជាមួយគ្នានោះដែរសមាជិកថ្មីខ្សែការពារអ៊ីតាលី Giorgio Chiellini ក៏បានបង្ហាញខ្លួនលើកដំបូងឱ្យ LAFC ដែរក្រោយផ្លាស់ពី Juventus។ Los Angeles FC កំពុងនាំមុខគេក្នុងតារាងក្របខណ្ឌលីគកំពូលអាមេរិក Major League Soccer នៅភាគខាងលិច ខណៈប្រកួតបន្ទាប់របស់ពួកគេគឺត្រូវធ្វើដំណើរទៅទឹកដី Kansas City ថ្ងៃទី២៤ ចុងសប្តាហ៍នេះ មុនទទួល Seattle Sounders ថ្ងៃសៅរ៍ ទី៣០ ខែកក្កដាដដែល៕
អត្ថបទ៖នាង សុភាវុធ