អឺរ៉ុប៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានសន្យាថា នឹងផ្តល់ជំនួយយោធាចំនួន 500លានអឺរ៉ូបន្ថែមទៀតដល់សង្គ្រាមរបស់អ៊ុយក្រែនដើម្បីពង្រឹងការការពារជាតិ ខណៈប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ បានក្រើនរំលឹកប្រទេសជាសមាជិកកុំឱ្យងាកចេញពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះទណ្ឌកម្មដែលបានដាក់លើរុស្ស៊ី។
ការសម្រេចផ្តល់ជំនួយនេះបានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាតាមវីដេអូលើការវិវឌ្ឍន៍ថ្មីបង្អស់របស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ដែលបានអរគុណចំពោះមូលនិធិថ្មីនេះ ហើយនេះបាននាំឱ្យសហភាពអឺរ៉ុបផ្តល់មូលនិធិសរុបរហូតដល់ 2.5ពាន់លានអឺរ៉ូ ប៉ុន្តែនៅតែជំរុញឱ្យប្លុកប្រទេសទាំង 27 ផ្តល់ជំនួយបន្ថែមទៀត។ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា ការសម្រេចបន្តគាំទ្រអ៊ុយក្រែនគឺជាការរួមមតិគ្នា ប៉ុន្តែបាននិយាយថា អ្វីដែលនៅសេសសល់ក្នុងសហភាពអឺរ៉ុបគឺសាមគ្គីភាពនៃគោលបំណង ដើម្បីឲ្យប្រាកដថាកញ្ចប់ទណ្ឌកម្មដែលផ្តោតលើទីក្រុងមូស្គូនឹងដំណើរការទៅបាន។ កាលពីថ្ងៃចន្ទលោក Josep Borrell បាននិយាយព្រលះអ្នករិះគន់ដែលបានអះអាងថា វិធានការដែលមានចាប់ពីទណ្ឌកម្មលើប្រេងឥន្ធនៈ រហូតដល់វិធានការរូបិយវត្ថុគឺបានធ្វើឲ្យខូចប្រយោជន៍ និងធ្វើឲ្យប៉ះពាល់ដល់សហភាពអឺរ៉ុបជាងរុស្ស៊ីទៅទៀត។
លោកបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា មនុស្សជាច្រើនចាត់ទុកថា នៅពេលអនុម័តទណ្ឌកម្មសហភាពអឺរ៉ុបបានបង្កើតបញ្ហាមួយដែលបង្កឱ្យមានការឡើងថ្លៃប្រេង ដែលនេះជារឿងមិនពិតទាំងស្រុង។ អ្នករិះគន់ដូចជានាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban កាលពីសប្តាហ៍មុនបានអះអាងថា សហភាពអឺរ៉ុបបានរើសយកបញ្ហាមកដាក់ខ្លួនដោយកញ្ចប់ទណ្ឌកម្មទាំងប្រាំមួយ៕
អត្ថបទ៖ ប៊ុនថន