ប៉ាគីស្ថាន៖ ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង ៣០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកដែលដឹកមនុស្សជាង ១០០នាក់បានក្រឡាប់លិចនៅក្នុងទន្លេមួយ ប្រទេសប៉ាគីស្ថានភាគកណ្តាល។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ទូកដែលផ្ទុកលើសទម្ងន់បានកំពុងធ្វើដំណើរទៅកាន់ពិធីមង្គលការមួយ នៅពេលទូកបានលិចនៅក្នុងទន្លេ Indus ក្នុងស្រុក Sadiqabad។ សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្សជិត ៩០នាក់ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកមុជទឹក ដោយបន្ថែមថា សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកដំណើរភាគច្រើនជាស្ត្រី និងកុមារ។ សេចក្តីថ្លែងការណ៍ខាងលើបន្ថែមថា អ្នកនៅលើទូកទាំងអស់គឺជាសមាជិកបងប្អូនត្រកូលគ្រួសារមួយ ហើយកំពុងធ្វើដំណើរទៅចូលរួមពិធីមង្គលការគ្រួសារដោយជិះទូកឆ្លងទន្លេ។មន្ត្រីរដ្ឋាភិបាលក្នុងតំបន់លោក Aslam Tasleem បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុក Geo News ថា យើងបានស្រង់សាកសពចំនួន ២០នាក់មកទល់ពេលនេះ ហើយពួកគេភាគច្រើនជាស្ត្រី។ លោកថា យើងមិនប្រាកដថាមានមនុស្សប៉ុន្មាននាក់នៅលើទូកនោះទេ។ យើងទទួលបានការប៉ាន់ប្រមាណដោយផ្អែកលើព័ត៌មានពីសមាជិកគ្រួសារ៕
អត្ថបទ៖ សុខមាន