បាល់ទាត់៖ ខ្សែប្រយុទ្ធវ័យចំណាស់ស៊ុយអែត Zlatan Ibrahimovic បានបន្តកិច្ចសន្យាមួយឆ្នាំទៀតជាមួយក្លិបជើងឯកអ៊ីតាលី AC Milan បីខែមុនឈានចូលវ័យ ៤១ឆ្នាំ។ កិច្ចសន្យាថ្មីនេះនឹងរក្សាអតីតខ្សែប្រយុទ្ធក្លិបកំពូលៗនៅអឺរ៉ុបមួយនេះស្នាក់នៅកីឡដ្ឋាន San Siro រហូតបញ្ចប់រដូវកាលថ្មីខាងមុខជាមួយនឹងថ្លៃឈ្នួល ១៥០០០ផោនក្នុងមួយសប្តាហ៍។

ថ្វីបើឈានដល់វ័យ ៤០ឆ្នាំក្តី Zlatan Ibrahimovic មិនដែលបង្ហើបពីគំរោងចូលនិវត្តន៍របស់ខ្លួនឡើយ ស្របពេលទំរង់មិនទាន់ធ្លាក់ចុះបើទោះជាមួយរបួសញាំញីបន្តិចបន្តួចក្តី។ មកកាន់ AC Milan ជាលើកទី២ ក្នុងអាជីព Zlatan បានជួយក្រុមដែលគេចាត់ទុកជាក្រុមសំណព្វចិត្តរបស់ខ្លួនឈ្នះជើងឯកអ៊ីតាលី Serie A ជាលើកដំបូងក្នុងរយៈពេល ១១ឆ្នាំ។ រដូវកាលកន្លងមកនេះ Zlatan បង្ហាញខ្លួនក្នុងលីគឱ្យ AC Milan បាន ២៣លើកស៊ុតបញ្ចូលទីបាន ៨គ្រាប់។
ជោគជ័យរាប់មិនអស់ទេសំរាប់កីឡាករស៊ុយអែតរូបនេះ ដែលរួមមានដូចជាជើងឯកលីគហូឡង់ជាមួយ Ajax ២លើក ឈ្នះជើងឯកអ៊ីតាលី Serie A ៧លើកជាមួយ Juventus ពីរលើក Inter Milan បីលើក និង AC Milan។ ក្រៅពីនោះ Zlatan Ibrahimovic ក៏ធ្លាប់ឈ្នះជើងឯកលីគកំពូលបារាំង ៤លើកផងដែរជាមួយ Paris Saint Germain និង UEFA Europa League មួយលើកជាមួយ Manchester United ពោលគឺមានតែ UEFA Champions League ប៉ុណ្ណោះដែលបុរសវ័យ ៤០ឆ្នាំរូបនេះមិនដែលឈ្នះ៕
អត្ថបទ៖នាង សុភាវុធ