កំពង់ឆ្នាំង ៖ នៅវេលាម៉ោង៨ព្រឹក ទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចជិតដំរីស ក្រុងកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង តែជាសំណាងល្អ អ្នកបើកបរទាំងសងខាងមិនមានរបួស ខណៈដែលអ្នកបើកបរម្នាក់គៀបក្នុងកាប៊ីនឡាន ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយសង្គ្រោះយកចេញបាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៨៦ និង៨៧ ត្រង់ចំណុចផ្លូវបំបែកចូលរោងទឹកកកស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង ។
នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង ដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថារថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះស៊ីហនុ 3A-7277 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍ទឹកក្រូច លាយស ពាក់ផ្លាកស្លាកលេខ-PP 3F-4851 អ្នកបើកបរឈ្មោះ នួន សុខឿន ភេទប្រុសអាយុ៤២ឆ្នាំ រសនៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរបើកបររថយន្តអោយក្រុមហ៊ុនវីរ:ប៊ុនថាំ ត្រូវបានគៀបជាប់ក្នុងការប៉ឺនរថយន្ត បើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះនិយាយឲ្យដឹងនៅកន្លែងកើតហេតុថា: នៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្ត០២ គ្រឿង បើកបន្តកន្ទុយគ្នា ពីជើងទៅត្បូងដល់ចំណុចចុះទួល រថយន្តកូរ៉េធុនធំមានដងសន្ទូច បានបត់ឆ្វេង ស្រាប់តែត្រូវបានរថយន្តកូរ៉េធុនតូចរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានបុកចំបណ្ដាលឡាន បណ្តាលឱ្យក្រឡាប់ផ្ងារជើង បណ្តាលអោយរងគ្រោះថ្នាក់អ្នកបើកបររថយន្តធុនតូច ត្រូវបានគៀបជាប់នៅក្នុងកាប៉ឺនរថយន្ត តែភាគីខាងរថយន្តធុនធំមិនមានគ្រោះថ្នាក់នោះឡើយ ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងខេត្ត បានចុះដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍ យករថយន្តទាញអ្នកបើកបរចេញពីក្នុងកាប៉ឺនឡាន ដោយពុំមានគ្រោះថ្នាក់អ្វីឡើយ ។
ពាក់ព័ន្ធករណីខាងលើនេះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បាននិយាយឲ្យដឹងទៀតថាការបើកបររបស់រថយន្តទាំងពីរគ្រឿងនេះបើកបរខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យកើតមានគ្រោះថ្នាក់បែបខាងនេះតែអ្វីដែលជាសំណាងមួយនោះ គឺមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរទាំងពីរនោះឡើយ។
ក្រោយពេលកើតហេតុរថយន្តទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅការរិយាលយ័ចរាចរផ្លូវគោគ ធ្វើការដោះស្រាយតាមនិតវិធីផងដែរ ៕អត្ថបទ ៖ វាសនា






