ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និង ៦នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលរថយន្តដឹកប្រេងមួយគ្រឿងបានបុករថយន្ត និងម៉ូតូច្រើនគ្រឿងនៅជិតរដ្ឋធានីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ។

យោងតាមនគរបាលបានឱ្យដឹងថា រថយន្តដឹកប្រេងមួយគ្រឿងបានបើកក្នុងល្បឿនលឿនដោយមិនអាចគ្រប់គ្រងបាន នៅពេលនោះរថយន្តបានបុករថយន្តពីរគ្រឿង និងម៉ូតូ ១០គ្រឿងដែលឈប់ចតនៅភ្លើងស្តុបចរាចរណ៍ក្នុងសង្កាត់ Cibubur ភាគខាងកើតទីក្រុងហ្សាកាតា។ អាជ្ញាធរកំពុងបន្តស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ ទោះជាយ៉ាងណាការស៊ើបអង្កេតបឋមបានបង្ហាញថា អាចជាបញ្ហាហ្វ្រាំងរថយន្ត ខណៈរថយន្តកំពុងចុះចំណោតជិតដល់ភ្លើងស្តុបផ្លូវបំបែក។
នគរបាលកំពុងសាកសួរអ្នកបើកបររថយន្តដែលរងរបួសស្រាល។ រថយន្តដឹកប្រេងនេះដំណើរការដោយក្រុមហ៊ុន Pertamina ជាសហគ្រាសរដ្ឋ និងជាក្រុមហ៊ុនថាមពលរបស់ប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុន Pertamina បាននិយាយថា ក្រុមហ៊ុនកំពុងខិតខំដើម្បីជួយដល់ការព្យាបាលជនរងគ្រោះ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងការស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់៕
អត្ថបទ៖ ប៊ុនថន