
សហរដ្ឋអាមេរិក តាមរយៈមន្ដ្រីជាន់ខ្ពស់ដែលធ្វើទស្សនកិច្ចមកកម្ពុជាថ្មីៗនេះ បានបង្ហាញពីក្ដីព្រួយបារម្ភមួយចំនួនរបស់ខ្លួន។ ក្នុងនោះមានជាអាទិ៍ ការព្រួយបារម្ភពីវត្ដមានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ដែលមហាអំណាចនេះជឿថា វានឹងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ និងជាការបម្រើផលប្រយោជន៍ផ្ដាច់មុខរបស់ចិន។ ក្រៅពីនេះក៏មានលើកឡើងពាក់ព័ន្ធនឹងរឿងក្ដីក្ដាំរបស់លោក កឹម សុខា និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP ជាដើម។

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានធ្វើទស្សនកិច្ចផ្លូវការមកកម្ពុជារយៈពេលពីរថ្ងៃ គឺកាលពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ហើយនៅថ្ងៃទី១៣ ខែកក្កដា លោកក៏បានធ្វើសន្និសីទកាសែតដោយលើកឡើងពីកង្វល់មួយចំនួនខាងលើនេះ។

យ៉ាងណាមិញ ក្ដីកង្វល់ដែលមន្ដ្រីអាមេរិកបានរៀបរាប់ ហាក់មិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា។ មិនមែនជារឿងថ្មី ដ្បិតអាមេរិកតែងតែព្យាយាមយកចំណុចទាំងនេះធ្វើជារបៀបវារៈ នៅពេលមន្ដ្រីរបស់ខ្លួនធ្វើទស្សនកិច្ចមកកម្ពុជា។ វាគឺជាសម្ពាធមួយដែលអាមេរិកចិញ្ចឹមចិត្ដថា កម្ពុជានឹងត្រូវតែធ្វើតាមការអំពាវនាវរបស់ខ្លួនជាមហាអំណាច តែការយល់ឃើញរបស់អាមេរិកយ៉ាងដូច្នេះពិតជាខុស ព្រោះកម្ពុជាមិនបានខ្លាចរអានឹងសម្ពាធមហាអំណាចណាមួយឡើយ។ នោះក៏ព្រោះរដ្ឋដ៏តូចមួយនេះមិនបានប្រព្រឹត្ដខុស ហើយក៏មិនត្រចៀកសជឿតាមការញាក់របស់ភាគីណាដាច់ខាត។

ជាក់ស្ដែងរឿងចោទប្រកាន់ថា ចិនកំពុងសាងសង់មូលដ្ឋានយោធានៅសមុទ្ររាមដើម្បីដាក់កម្លាំងទ័ពនៅទីនោះ កម្ពុជាបានបកស្រាយជាច្រើនលើកច្រើនសារ ហើយថែមទាំងបើកឱ្យមានទស្សនកិច្ចមន្ដ្រីអាមេរិកចូលទៅកាន់មូលដ្ឋានទ័ពជើងទឹករាមផងដែរដើម្បីបំបាត់មន្ទិលសង្ស័យ។ ប៉ុន្ដែអ្វីដែលកម្ពុជាទទួលបានមកវិញ មិនត្រឹមតែមិនមែនពាក្យអរគុណ តែបែរជារងនូវការមូលបង្កាច់ថា មិនអនុញ្ញាតឱ្យមន្ដ្រីអាមេរិកចូលធ្វើទស្សនកិច្ចតាមការចង់បានទៅវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការពារជាតិ បានបំភ្លឺថា ក្រសួងការពារជាតិបានយកចិត្តទុកដាក់រៀបចំឱ្យមានដំណើរទស្សនកិច្ច ដោយក្រុមការងារសម្របសម្រួលបានព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក អនុលោមតាមគោលការណ៍ដែលបានកំណត់ និងការព្រមព្រៀងគ្នា។
សកម្មភាពសំខាន់ៗមួយចំនួនត្រូវបានរៀបចំឡើង រួមមាន ជំនួបពិភាក្សាការងារដែលស្នើដោយភាគីអាមេរិក មានរយៈពេលជាងមួយម៉ោង ការចុះទៅពិនិត្យមើលអាគារសង់ថ្មី២ខ្នងសម្រាប់ការស្នាក់នៅរបស់កម្មករសំណង់ ដំណើរពិនិត្យមើលផែ និងនាវារបស់កងទ័ពជើងទឹក ការទស្សនារោងជាងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ និងការធ្វើដំណើរទៅពិនិត្យមើលសំណង់ទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ នៅកោះព្រាប។
តែផ្ទុយទៅវិញ ក្រោយបានចូលមើលទីតាំងទាំងនេះហើយ ភាគីអាមេរិកហាក់បានបង្កើតនូវសេណារីយ៉ូថ្មីមួយ ដោយទាមទារចូលទៅមើលកន្លែងផ្សេងដោយពុំមានការស្នើសុំមុន។ នេះជាការទាមទារដែលមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា និងមានចេតនាធ្វើជាមិនយល់អំពីលាក់ការណ៍របស់កងទ័ព ហេតុនេះកម្ពុជាមិនអនុញ្ញាតជាដាច់ខាត។

តាមរយៈសកម្មភាពនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាត់ទុកការទាមទារចង់ទៅមើលគ្រប់កន្លែងដោយមិនបានស្នើសុំជាមុន គឺជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិតដែលនាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើងដល់ទំនាក់ទំនងរវាងយោធាប្រទេសទាំងពីរ។ ក្រសួងការពារជាតិកម្ពុជាក៏ស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិក បញ្ឈប់ការបង្កើតសេណារីយ៉ូថ្មីៗដែលនាំមកនូវភាពអវិជ្ជមាន និងសូមឱ្យគោរពដល់អធិបតេយ្យភាព និងលាក់ការណ៍កងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជា។
រីឯក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏ធ្លាប់បានប្រកាសច្រានចោលពាក់ព័ន្ធសំណុំរឿង “មូលដ្ឋានកងទ័ពជើងទឹករាម” ដែលថាបម្រើផលប្រយោជន៍ផ្ដាច់មុខរបស់ចិន។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រដ្ឋាភិបាលប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។
ចំពោះរឿងក្ដីក្ដាំរបស់លោក កឹម សុខា វិញក៏ដូចគ្នា។ វាជាការព្យាយាមរំលេចរបស់អាមេរិក ធ្វើយ៉ាងណាឱ្យអន្ដរជាតិមើលឃើញថា កម្ពុជាមានកំហុស ក្រោមលេសថា កម្ពុជាពន្យារពេលកាត់ក្ដីលោក កឹម សុខា ទាំងដែលធាតុពិតតុលាការបាន និងកំពុងធ្វើការលើរឿងនេះជាបន្ដបន្ទាប់។ ទទូចចង់ឱ្យពន្លឿនរឿងក្ដី មិនមែនអាមេរិកមានអំណាចលើតុលាការកម្ពុជា ហើយក៏មិនមែនអាមេរិកជាអ្នកកាត់ក្ដីនោះដែរ ព្រោះអ្វីៗជាសមត្ថកិច្ចរបស់តុលាការកម្ពុជា។

លោក កឹម សុខា រងការចោទប្រកាន់ក្រោមបទ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» ចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ដូច្នេះសំណុំរឿងនេះ បើតាមអ្នកនាំពាក្យក្រសួងយុត្ដិធម៌ធ្លាប់លើកឡើងថា មានភស្តុតាងដាក់បន្ទុករឹងមាំ និងស៊ីចង្វាក់គ្នាល្អបែបនេះ ជនជាប់ចោទគួរប្រើយុទ្ធសាស្រ្ត “To plead guilty” ដើម្បីសុំឱ្យតុលាការផ្តល់ស្ថានសម្រាលទោស និងដើម្បីអោយនីតិវិធីឆាប់ចប់៕