ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានចំនួនជិត ៨ ០០០ ប៊ីលានរៀល ត្រូវប្រមាណជិត ២ ០០០ លានដុល្លារអាមេរិក ស្មើជិត ៧០ ភាគរយ នៃផែនការប្រចាំឆ្នាំ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញចំណូលពន្ធក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលខែមិថុនា និងប្រចាំឆមាសទី ១ ឆ្នាំ ២០២២ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំ ឯកឧត្តម គង់ វិបុល លើកឡើងថា ក្រោមការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រមូលចំណូលពន្ធ របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ និងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងជាច្រើន របស់អគ្គនាយកដ្ឋានពន្ធដារ, ជាក់ស្តែងក្នុងការប្រមូលចំណូលពន្ធសម្រាប់ខែមិថុនា ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានប្រមាណជាង ៩៨៦ ប៊ីលានរៀល ត្រូវប្រមាណជិត ២៤៣ លានដុល្លារអាមេរិក ស្មើរប្រមាណ ១០៣ ភាគរយ នៃផែនការប្រចាំខែ និងស្មើ ៨,៦៤ ភាគរយនៃផែនការប្រចាំឆ្នាំ ២០២២។
គិតក្នុងឆមាសទី១ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង ៧ ៩៨០ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៩៧០ លានដុល្លារអាមេរិក ស្មើ ៦៩,៨៩ភាគរយ នៃផែនការប្រចាំឆ្នាំ ក្នុងនោះបើធៀបចំណូលនៃឆមាសទី១ ឆ្នាំ ២០២២ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ចំណូលនេះកើនឡើងប្រមាណជាង ១ ៨៣៣ ប៊ីលានរៀល ត្រូវប្រមាណជាង ៤៥២ លានដុល្លារអាមេរិក ស្មើជិត ៣០ ភាគរយ៕ អត្ថបទ៖ វណ្ណៈ
