វាយកូនឃ្លីលើតុ៖ កីឡាករ យ៉ុយ កុសល ប្រធានក្រុមកីឡាវាយកូនឃ្លីលើតុជនពិការជម្រើសជាតិកម្ពុជាកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខ។
កុសល លើកឡើងថា ឆ្លងកាត់ការប្រមូលផ្ដុំហ្វឹកហាត់ជាច្រើនខែកន្លងមក ក្រុមកីឡាវាយកូនឃ្លីលើតុជនពិការកម្ពុជា បានវិឌ្ឍន៍សមត្ថភាពយ៉ាងល្អប្រសើរ ដែលប្រហាក់ប្រហែលនឹងបណ្ដាប្រទេសភាគច្រើន លើកលែងតែថៃ និងឥណ្ឌូនេស៊ីប៉ុណ្ណោះ ដែលខ្លួនមើលឃើញមានភាពលេចធ្លោរជាងកម្ពុជា។ យ៉ាងណាក្ដីប្រធានក្រុមរូបនេះបានប្ដេជ្ញានឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកមេដាយ និងលទ្ធផលល្អជូនជាតិ។ គួរដឹងថា កីឡាវាយកូនឃ្លីលើតុគឺជាប្រភេទកីឡាមួយក្នុងចំណោម ១១ប្រភេទកីឡាដែលកម្ពុជានឹងត្រូវបញ្ជូនចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឬកីឡាជនពិការប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីនាចុងខែនេះ ដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ១៦៦នាក់។
តាមគម្រោងប្រតិភូ និងកីឡាករ-កីឡាការិនីជនពិការកម្ពុជានឹងត្រូវចាកចេញពីមាតុភូមិនាថ្ងៃទី២៦ ខែកក្កដាខាងមុខនេះក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា