បាល់ទាត់៖ ក្លិបបាល់ទាត់ Tottenham Hotspur បានសំរេចក្នុងការនាំយកខ្សែការពារក្រុមជំរើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំ Djed Spence ពី Middlesbrough តម្លៃ ២០ លានផោន។ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចំណាយពេលពេញ ១ រដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Nottingham Forest ដែលឡើងមកកាន់ក្របខណ្ឌកំពូល English Premier League លើកដំបូងក្រោយអវត្តមានតាំងពីឆ្នាំ ១៩៩៩។

Djed Spence បានចុះហត្ថលេខារយៈពេល ៥ ឆ្នាំក្នុងតម្លៃផ្ទេរ ១២.៥ និងប្រាក់បន្ថែមផ្សេងៗ ៧.៥ លានផោនផ្សេងទៀតសរុប ២០ លានផោន។ Djed Spence គឺជាកីឡាករទី ៦ ហើយដែលមកកាន់ Spurs មុនរដូវកាលថ្មីចាប់ផ្តើមខាងមុខនេះ បន្ទាប់ពីអ្នកចាំទី Fraser Forster, ខ្សែការពារ Clement Lenglet, ខ្សែបម្រើ Yves Bissouma, ខ្សែប្រយុទ្ធ Ivan Perisic និង Richarlison។ Djed Spence ដែលជាកីឡាករចេញពីយុវជនថ្នាលរបស់ Fulham នៅឆ្នាំ ២០១៨ នោះបានស៊ុតបញ្ចូលទី ៣ គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យ Nottingham Forest ៤៦ ប្រកួតរដូវកាលមុន៕
អត្ថបទ៖នាង សុភាវុធ