ភ្នំពេញ៖ ក្រុមគ្រូពេទ្យការិយាល័យស្រុកប្រតិបតិ្តចតុមុខ(ហៅកាត់ OD ចតុមុខ) នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានចុះចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងវ៉ាក់សាំងបង្ការជំងឺ១១ មុខដល់កុមារ រស់នៅតាមសហគមន៍ខ្នងផ្ទះប្រជាពលរដ្ឋ ខណ្ឌទួលគោក។
លោក ប៉ាវ សំអាត អ្នកសម្របសម្រួលទូទៅនៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មណ្ឌលសុខភាពទួលគោក ប្រាប់BTV នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ថា ក្រុមការងារគ្រូពេទ្យការិយាល័យស្រុកប្រតិបតិ្តចតុមុខ បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ខណ្ឌ បន្តយុទ្ធនាការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋ និងចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ ជូនកុមារ ចាប់ផ្តើមពីថ្ងៃទី១៤ ខែកក្កដា រហូតមកដល់ពេលនេះ នៅតាមសហគមន៍ ខ្នងផ្ទះខណ្ឌទួលគោក ដោយដើរពីផ្ទះមួយទៅផ្ទះមួយក៏ជាដូចជានៅតាមសាលារៀន ផ្សារ តំបន់រោងចក្រ និងទីប្រជុំជននានា ដោយចាក់វ៉ាក់សាំងបង្ការជំងឺ ជូនកុមារ យុវវ័យ និងប្រជាពលរដ្ឋ ឲ្យបានចំនួនច្រើនលឿនបំផុត និងគ្រប់ៗគ្នា។
លោក ទេព ចែម ចៅរងទី១ សង្កាត់ផ្សារដើមគរ ក្នុងនាមប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យ ដែលចុះមកដល់មូលដ្ឋានសង្កាត់ផ្សារដើមគរ ក្នុងនោះចាក់វ៉ាក់សាំងកូវីដ១៩ ដែលមានអាយុចាប់ពី៣ឆ្នាំ រហូតដល់អាយុ១៨ឡើង និងចាក់វ៉ាក់សាំងបង្ការជំងឺ១១ជូនកុមារ គឺមានអាយុចាប់ពីកើត រហូតដល់អាយុ៥ឆ្នាំ។
ទន្ទឹមនឹងនោះប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបង្ហាញពីកី្តសប្បាយរីករាយដែលមានក្រុមគ្រូពេទ្យចុះមកចាក់វ៉ាក់សាំងដល់ផ្ទះ និងសូមគោរពអរគុណដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលគិតគូរពីសុខភាពរបស់ពួកគាត់។
ក្រុមការងារគ្រូពេទ្យ ប្តេជ្ញាចិត្តមិនខ្លាចនឿយហត់ ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវ៉ាក់សាំងបង្ការជំងឺ១១មុខ ជូនកុមារ យុវវ័យ និងប្រជាពលរដ្ឋ ឲ្យបានចំនួនច្រើនលឿនបំផុត និងគ្រប់ៗគ្នា ដើម្បីជំរុញវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩៕អត្ថបទ៖ រដ្ឋា






